ដោយ: គង់ លាងហួរ
បាងកក: នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីសុីន បានអះអាងថា រដ្ឋាភិបាលនឹងចាក់បញ្ចូលទឹកប្រាក់ចំនួន៥៦០ពាន់លានបាត (១៥,២៣ពាន់លានដុល្លារ) ចូលទៅក្នុងចរន្តសេដ្ឋកិច្ច នៅឆ្នាំ២០២៤ តាមរយ:គោលនយោបាយចែកលុយឌីជីថលរបស់ខ្លួន។
ផែនការថ្មីនេះ ត្រូវបានជំរុញជាពិសេសដោយគោលនយោបាយរបស់គណបក្សភឿថៃ ក្នុងការផ្តល់ជូនលុយឌីជីថលចំនួន១០.០០០បាតសម្រាប់ពលរដ្ឋម្នាក់ៗ ដែលមានអាយុលើសពី១៦ឆ្នាំ ដើម្បីប្រើប្រាស់នៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ។
លោក សេដ្ឋា ថាវីសុីន ដែលធ្លាប់ជាមហាសេដ្ឋីអចលនទ្រព្យថៃ និងបានឡើងកាន់តំំណែងជានាយករដ្ឋមន្ត្រីកាលពីខែសីហា បាននិងកំពុងដាក់ចេញនូវគោលនយោបាយសំខាន់ៗជាច្រើន ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ដោយសារតែការនាំចេញ និងទំនុកចិត្តរបស់ក្រុមអ្នកវិនិយោគិនធ្លាក់ចុះ។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់មន្ត្រីរដ្ឋាភិបាល លោក សេដ្ឋា បានបញ្ជាក់ថា លោកកំពុងព្យាយាមទាក់ទាញវិនិយោគិន មកបណ្តាក់ទុននៅក្នុងវិស័យបៃតង និងបោះផ្សាយលក់ប័ណ្ណបំណុលនិរន្តរភាពចំនួន៣០ពាន់លានបាត ហើយរដ្ឋាភិបាលក៏នឹងបន្តបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត ជាបន្តបន្ទាប់ ផងដែរ។
លោក សេដ្ឋា ថាវីសុីន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃផងដែរនោះ បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាល នឹងធ្វើការកាត់បន្ថយតម្លៃអគ្គិសនីបន្ថែមទៀត ក៏ដូចជាបង្កើនប្រាក់ចំណូលរបស់កសិករឱ្យបាន៣ដង ក្នុងរយ:ពេល ៤ឆ្នាំខាងមុខ។
គិតចាប់តាំងពីឡើងកាន់តំណែង រដ្ឋាភិបាលថ្មី ក្រោមការគ្រប់គ្រងរបស់លោក សេដ្ឋា បានដាក់ចេញនូវគោលនយោបាយធំៗជាច្រើនដូចជា ការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ការផ្អាកសងបំណុលសម្រាប់កសិករ ការចែកលុយឌីជីថល ការបន្ធូរបន្ថយពន្ធលើថាមពល និងការបើកប្រាក់ខែសម្រាប់មន្ត្រីរាជការជារៀងរាល់២សប្តាហ៍ម្តង៕