ដោយ: គង់ លាងហួរ
អន្តរជាតិ: ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នៅខែតុលានេះ បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២៣ មកនៅត្រឹម៥,៣% បើធៀបនឹងការព្យាករ៥,៧%កាលពីខែកក្កដា។
ទោះបីជាយ៉ាងនេះក្តី ស្ថាប័ន AMRO បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៤ក្នុងរង្វង់៦,២ភាគរយ ពោលគឺដូចទៅនឹងការព្យាករកាលពីខែកក្កដាកន្លងទៅ។
កាលពីពេលថ្មីៗនេះ ធនាគារពិភពលោកក៏បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពលើសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ធនាគារពិភពលោកបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅកម្រិត៥,៥ភាគរយ សម្រាប់ឆ្នាំ២០២៣នេះ និងបង្កើនការព្យាករដល់៦,១ភាគរយសម្រាប់ឆ្នាំ២០២៤។
ធនាគារពិភពលោកលើកឡើងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានជំរុញដោយការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ កសិកម្ម សំណង់ និងអចលនទ្រព្យ។
លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក ធ្លាប់បានមានប្រសាសន៍ថា “ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា នៅតែមានភាពវិជ្ជមាន ដែលជំរុញភាគច្រើន ដោយការងើបឡើងវិញ នៃវិស័យសេវាកម្ម ជាពិសេសទេសចរណ៍ និ ងការកែលម្អផលិតកម្មកសិកម្ម”។
ចំណែកឯ ធនាគារអភិវឌ្ឍន៍អាសុី(ADB) បានចេញផ្សាយរបាយការណ៍ព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ កាលពីខែកញ្ញាកន្លងទៅថ្មីៗនេះ។ ធនាគារអភិវឌ្ឍអាស៊ី (ADB) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៣នេះ មកនៅត្រឹម៥,៣ភាគរយ បើធៀបនឹងការព្យាករពីមុន៥,៥ភាគរយ ដោយសារឧស្សាហកម្មមានកំណើនយឺតជាងការរំពឹងទុក។ ទោះបីជាយ៉ាងនេះក្តី ធនាគារ ADB បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ច របស់កម្ពុជាសម្រាប់ឆ្នាំ២០២៤ក្នុងរង្វង់៦ភាគរយដដែល។
ទន្ទឹមគ្នានេះ របាយការណ៍របស់ធនាគារ ADB ក៏បានរក្សាការព្យាករណ៍អត្រាអតិផរណានៅកម្ពុជាសម្រាប់ឆ្នាំ២០២៣នេះក្នុងកម្រិត៣ភាគរយ និងសម្រាប់ឆ្នាំ២០២៤ក្នុងកម្រិត៤ភាគរយផងដែរ។
លោកស្រី Jyotsana Varma នាយិកាធនាគារ ADB ប្រចាំប្រទេសកម្ពុជា ធ្លាប់បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទស្សនវិស័យកំណើនកាន់តែប្រសើរឡើងនៅក្នុងបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនធំៗ នឹងអាចជំរុញការនាំចេញរបស់កម្ពុជាសម្រាប់រយៈពេលដែលនៅសេសសល់ក្នុងឆ្នាំ២០២៣នេះ”៕