តែម សុខុម
ហូជីមិញ: កោះត្រល់ (Phu Quoc) បានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមបញ្ជីឈ្មោះកោះដែលធូរថ្លៃបំផុតទាំង១៧ ទូទាំងពិភពលោកដែលចុះផ្សាយដោយទស្សនាវដ្ដីកាណាដា The Travel។
ទស្សនាវដ្ដីនេះបានគូសបញ្ជាក់ពីភាពងាយស្រួលក្នុងការចូលទៅកាន់កោះត្រល់ និងសកម្មភាពកម្សាន្តយ៉ាងសម្បូរបែបលើកោះនេះនៅក្នុងការចុះផ្សាយរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុន។
កោះត្រល់ ដែលជាកោះធំជាងគេបំផុតរបស់វៀតណាម គឺជាឋានសួគ៌សម្រាប់អ្នកចូលចិត្តអាហារតាមចិញ្ចើមផ្លូវ (Street Food) ព្រោះសម្បូរដោយអ្នកលក់ចំណីអាហារតាមចិញ្ចើមផ្លូវដែលមានរសជាតិឆ្ងាញ់ និងមានតម្លៃធូរថ្លៃ។ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កោះត្រល់ បានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើសួនកម្សាន្តទំនើបៗ ប្រព័ន្ធកន្ត្រកខ្សែកាប និងសួនសត្វដែលបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ។ទស្សនាវដ្ដីនេះក៏បានណែនាំផងដែរនូវតំបន់ទេសចរណ៍មួយចំនួននៅលើកោះនេះដូចជាឆ្នេរខ្សាច់ Sao Beach សួនសត្វ Vinpearl Safari Phu Quoc ប្រព័ន្ធកន្ត្រកខ្សែកាប Hon Thom Departure Terminal ទឹកធ្លាក់ Suoi Tranh Waterfall និងសួនកម្សាន្ត Vin Wonders Phu Quoc ជាដើម។
កោះត្រល់ អនុញ្ញាតឱ្យភ្ញៀវបរទេសស្នាក់នៅដោយគ្មានទិដ្ឋាកាចំនួន៣០ថ្ងៃ ខណៈអាកាសយានដ្ឋានអន្តរជាតិនៅលើកោះនេះមានជើងហោះហើរទៅកាន់គោលដៅជាច្រើនជុំវិញពិភពលោក។ដោយមានភូមិសាស្ត្រស្ថិតនៅភាគខាងត្បូងនៃប្រទេសវៀតណាម ក្នុងឈូងសមុទ្រថៃ កោះត្រល់ បានក្លាយជាទីក្រុងកោះដំបូងគេបង្អស់របស់វៀតណាម។
រដូវទេសចរណ៍កំពូលរបស់កោះត្រល់ (High Season) ពោលគឺពេលដែលមានភ្ញៀវទេសចរច្រើនបំផុតគឺចាប់ពីខែវិច្ឆិកា ដល់ខែមេសា ដែលជារដូវប្រាំង៕ VN Express៕