តែម សុខុម
បាងកក: វាជាដំណឹងដ៏គួរឱ្យសាទរដែលក្រុមហ៊ុនដឹកជញ្ជូនឆ្លងដែនកំពូលរបស់ថៃ Euroasia Total Logistics (ELT) គ្រោងពង្រីកមកកាន់ទីផ្សារកម្ពុជា តាមរយៈការបង្កើតការវិនិយោគរួមគ្នា។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៩ ខែតុលា។
ទន្ទឹមនេះក្រុមហ៊ុននេះក៏បានប្រកាសដែរថា ខ្លួននឹងកំណត់ការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO) របស់ខ្លួនក្នុងតម្លៃ១,៦៨បាត (១៨៧រៀល) ក្នុងមួយភាគហ៊ុន។
ការបោះផ្សាយ IPO នេះត្រូវបានកំណត់ត្រឹម១៧១.៨៦៥.៤៤០ភាគហ៊ុនជាមួយនឹងតម្លៃសរុប៧,៨លានដុល្លារអាមេរិក។ ភាគហ៊ុនរបស់ក្រុមហ៊ុន ELT នឹងត្រូវចុះបញ្ជីក្នុងប្រភេទអាជីវកម្មដឹកជញ្ជូន និងភ័ស្តុភារកម្ម។លោកស្រី Krishavan Chuecharoenchai នាយិកាគ្រប់គ្រងក្រុមហ៊ុន ELT ថ្លែងថា គោលដៅនៃការបោះផ្សាយ IPO នេះគឺដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងពង្រីកសេវាកម្មរបស់ខ្លួនទៅក្នុងទីផ្សារថ្មីៗ។
លោកស្រីបានសង្កត់ធ្ងន់ថា ចំណាត់ការនេះគឺស្របគ្នាទៅនឹងកំណើននៃឧស្សាហកម្មដឹកជញ្ជូនឆ្លងដែនដែលជំរុញដោយកំណើននៃពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce)។ទន្ទឹមនឹងនេះ លោក Darren Lee Yik Chieh នាយកប្រតិបត្តិក្រុមហ៊ុន ELT ក៏លើកឡើងដែរថា ក្រុមហ៊ុន ELT មានផែនការអាជីវកម្មជាយុទ្ធសាស្ត្រសម្រាប់រយៈពេល៣ទៅ៥ឆ្នាំខាងមុខ។
លោកគូសបញ្ជាក់ថា ក្រុមហ៊ុន ELT ក៏មានផែនការបង្កើតគម្រោងបណ្តាក់ទុនរួមគ្នានៅកម្ពុជា និងវៀតណាម ផងដែរដើម្បីពង្រឹងបណ្តាញ និងបង្កើនទ្រព្យសកម្មសកម្មព្រមទាំងចំនួនអតិថិជនរបស់ខ្លួន។ ក្រុមហ៊ុននេះក៏បានប្តេជ្ញាស្វែងរកឱកាសអាជីវកម្មថ្មីៗផងដែរ៕ The Nation៕