ដោយ: គង់ លាងហួរ
អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា ការស្ទុះងើបឡើងវិញ ដ៏យឺតរបស់ប្រទេសចិន និងហានិភ័យនៃវិបត្តិអចលនទ្រព្យ ដែលអូសបន្លាយពេលយូរជាងនេះ អាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់តំបន់អាស៊ីបន្ថែមទៀត។
មូលនិធិ IMF បានលើកឡើងថា ការជំរុញសេដ្ឋកិច្ចក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩របស់ប្រទេសចិន បានបាត់បង់សន្ទុះលឿនជាងការរំពឹងទុក។
ទន្ទឹមនឹងនេះដែរ ភាពរឹងមាំនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រ តិចជាងកាលពីមុនដល់តំបន់អាស៊ី ដោយសារភាពរឹងមាំនេះ ត្រូវបានផ្តោតលើវិស័យសេវាកម្មជាចម្បង ដែលមិនអាចជំរុញតម្រូវការសម្រាប់ការនាំចេញនោះទេ។
ក្នុងរយៈពេលដ៏ខ្លីនេះ វិបត្តិនៅក្នុងវិស័យអចលនទ្រព្យ ដែលកំពុងជាប់ផុងបំណុលយ៉ាងជ្រៅរបស់ប្រទេសចិន និងឥទ្ធិពលពីការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច អាចនឹងជះផលប៉ះពាល់ដល់តំបន់ ជាពិសេសចំពោះប្រទេសនាំចេញទំនិញ ដែលមានទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធជាមួយប្រទេសចិន។






