ដោយៈ តែម សុខុម
បាងកក: លោកHideyuki Tanaka ប្រធានអនុគណៈកម្មាធិការទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន នៃសហព័ន្ធធុរកិច្ចជប៉ុន (Keidanren) បានឱ្យដឹងថា បណ្ដាពាណិជ្ជករជប៉ុន នៅតែមានទំនុកចិត្តលើការវិនិយោគរបស់ខ្លួនក្នុងប្រទេសថៃ ហើយប្ដេជ្ញាមិនចាកចេញពីប្រទេសនេះឡើយ ជាពិសេសផ្នែកអាជីវកម្មទាក់ទងនឹងការផលិតរថយន្ត។
លោកគូសបញ្ជាក់ថា ប្រទេសថៃ មានធនធានធម្មជាតិដ៏សម្បូរបែប ហើយប្រទេសជប៉ុនយល់ថា ប្រជាជនរបស់ខ្លួនមានវប្បធម៌រួមតែមួយជាមួយនឹងជនជាតិថៃ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺប្រជាជនថៃ មានភាពរួសរាយរាក់ទាក់ជាមួយជនជាតិជប៉ុន។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១៤ ខែតុលា។
ដោយសារកត្តាទាំងនេះ ធុរជនជប៉ុន ជាច្រើនជាពិសេសក្នុងឧស្សាហកម្មផលិតរថយន្ត នៅតែមានទំនុកចិត្ត លើការវិនិយោគរបស់ខ្លួនក្នុងប្រទេសថៃ ដោយពួកគេនៅតែបន្តបង្កើតទីតាំងផលិតកម្មរបស់ខ្លួនក្នុងប្រទេសនេះ។
លោក Hideyuki Tanaka ថ្លែងថា បណ្ដាក្រុមហ៊ុនជប៉ុន ទាំងតូច ទាំងធំ មានសក្ដានុពលពង្រីក ខ្សែសង្វាក់ផលិតកម្មរបស់ពួកគេនៅក្នុងប្រទេសនេះ។ លោកបានបន្តថា លោកជឿថា ក្រុមហ៊ុនជប៉ុន ជាច្រើនទៀតរួមទាំងអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) និងអាជីវកម្មទើបបង្កើតថ្មី (Start-up) ផងនឹងរើមកកាន់ប្រទេសថៃ។
លោកលើកឡើងថា “ចំនួនក្រុមហ៊ុនជប៉ុន និងទំហំវិនិយោគសរុបនៅក្នុងប្រទេសថៃ គឺច្រើនជាងគេបំផុត បើធៀបនឹងបណ្ដាវិនិយោគិនមកពីបរទេសផ្សេងៗទៀត”៕ Bangkok Post៕