ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានតម្រូវឲ្យម្ចាស់អាជីវកម្មនានានៅក្នុងក្រុងព្រះសីហនុ សរសេរអក្សរខ្មែរឲ្យបានធំៗជាងអក្សរបរទេស ក្នុងគោលដៅលើកកំពស់អត្តសញ្ញាណជាតិ និងរបៀបរៀបរយក្នុងសង្គម។
យោងតាមសេចក្ដីណែនាំស្តីពី ការដាក់តាំងស្លាកយីហោផ្សព្វផ្សាយតាមមូលដ្ឋាន អាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ដែល Propertyarea.asia ទទួលបាននាល្ងាចថ្ងៃទី១៣ ខែកុម្ភៈកន្លងមកនេះបានឲ្យដឹងថា ក្រសួងទេសចរណ៍បានណែនាំឱ្យម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ នៅក្នុងខេត្តព្រះសីហនុត្រូវអនុវត្តន៍លើលក្ខខ័ណ្ឌមួយចំនួន ដូចជា ទី១ គ្រប់ការតាំងផ្សព្វផ្សាយស្លាកយីហោតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវសរសេរអក្សរខ្មែរនៅខាងលើ។

-->
ទី២ ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ អាចប្រើប្រាស់អក្សរបរទេស បន្ទាប់ពីក្រោមអក្សរខ្មែរ អាស្រ័យទៅតាមប្រភពទីផ្សារ នៃអាជីវកម្មសេវាកម្មទេសចរណ៍ និងត្រូវមានទំហំអក្សរ «មួយភាគពីរ» នៃទំហំអក្សរខ្មែរដែលនៅខាងលើនោះសេចក្តីណែនាំដដែលបានជំរុញ ឲ្យរដ្ឋបាលខេត្តព្រះសីហនុ ត្រូវរៀបចំណែនាំដោយឡែកទៅលើទំហំអក្សរ ប្រភេទអក្សរ ពណ៌អក្សរ និងទម្រង់ស្លាកយីហោ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការអនុវត្តជារួមសំរាប់ខេត្តព្រះសីហនុ សំដៅធានាសោភ័ណ្ភាព និងសណ្តាប់ធ្នាប់ សម្រាប់ការដាក់តាំងស្លាកយីហោផ្សព្វផ្សាយ។

កន្លងមកក្រសួងទេសចរណ៍ បានចេញសារាចរណ៍នែនាំ លេខ០០៤ សរណន ចុះថ្ងៃទី ២៩ខែមីនា ឆ្នាំ២០១៨ស្តីពី ការដាក់តាំងស្លាកយីហោអាជីវកម្មទេសចរណ៍ ក្នុងនោះ អាជីវកម្មសេវាកម្មទេសចរណ៍ភាគច្រើននៅទូទាំងប្រទេស អនុវត្តន៍បានត្រឹមត្រូវនៅតាមមូលដ្ឋាន៕