អ្នកវិនិយោគបរទេសសម្រុកទិញគម្រោងអចលនទ្រព្យកាន់តែច្រើននៅប្រទេសវៀតណាម

0

តែម សុខុម
ហាណូយ: ក្រុមអ្នកវិភាគបានព្យាករថា អ្នកវិនិយោគបរទេសនឹងសម្រុកទិញយកភាគហ៊ុន និងច្របាច់បញ្ចូលគ្នាក្នុងវិស័យអចលនទ្រព្យដែលចាប់ផ្តើមនៅចុងឆ្នាំនេះ។

តួយ៉ាងក្រុមហ៊ុនសិង្ហបុរី Keppel Land បានប្រកាសកាលពីខែកក្កដា ថា ខ្លួននឹងទិញយកភាគហ៊ុន៦៥%ក្នុងតម្លៃ៤១,៧លានដុល្លារអាមេរិក នៅក្នុងក្រុមហ៊ុនក្នុងស្រុកមួយដែលគេរំពឹងថានឹងបើកដំណើរការផ្សារទំនើបនៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងឆ្នាំ២០២៥។

២ខែមុននេះ ក្រុមហ៊ុន Keppel Land បានទិញយកគម្រោងលំនៅឋានចំនួន២ពីក្រុមហ៊ុនអចលនទ្រព្យ Khang Dien ស្ថិតក្នុងសង្កាត់ Thu Duc City នៃក្រុងហូជីមិញ ក្នុងតម្លៃប្រមាណ១២៣លានដុល្លារអាមេរិក។

ទន្ទឹមនេះក្រុមហ៊ុនម៉ាឡេស៊ី Gamuda បានវិនិយោគប្រមាណ៣០០លានដុល្លារអាមេរិក ដើម្បីទិញយកគម្រោងមួយស្ថិតនៅលើផ្ទៃដី៣,៧ហិកតាពីក្រុមហ៊ុនហ៊ុនអចលនទ្រព្យ Tam Luc Real Estate Joint Stock Company។គម្រោងក្នុងសង្កាត់ Thu Duc City ដែលនឹងមានអគារខ្ពស់ចំនួន៦ជាមួយនឹងផ្ទះជិត២.០០០យូនីតបានជម្នះលើបញ្ហាផ្លូវច្បាប់ដែលខ្លួនកំពុងជួបប្រទះក្នុងឆ្នាំនេះ។

វិស័យទេសចរណ៍ និងអចលនទ្រព្យប្រភេទរីហ្សតក៏ទទួលបានកិច្ចព្រមព្រៀង M&A (ច្របាច់បញ្ចូលគ្នា និងទិញយក) មួយចំនួនផងដែរ។ គម្រោងរីហ្សត Nam Hoi An (Hoiana) ដែលកំពុងស្ថិតក្រោមការសាងសង់ក្នុងខេត្ត Quang Nam ភាគកណ្តាលត្រូវបានទិញយកដោយមហាសេដ្ឋីហុងកុង លោក Henry Cheng ។ ការវិនិយោគសរុបនៃគម្រោងនេះបានឈានដល់៤ពាន់លានដុល្លារអាមេរិក។

នៅពាក់កណ្តាលឆ្នាំ២០២៣ សណ្ឋាគារចំនួន២ក្នុងសង្កាត់លេខ៧ នៃទីក្រុងហូជីមិញ ពោលគឺសណ្ឋាគារផ្កាយ៣ Ibis Saigon South និងសណ្ឋាគារផ្កាយ៤ Capri ក៏ត្រូវបានលក់ចេញដែរ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យអង់គ្លេស JLL និយាយថា “កិច្ចព្រមព្រៀងច្របាញ់បញ្ចូលគ្នា និងទិញយក (M&A) ធំៗកាលពីពេលថ្មីៗនេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់បណ្ដាអ្នកវិនិយោគលើសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ជាទូទៅ ប៉ុន្តែទុកចិត្តជាពិសេសលើទីផ្សារអចលនទ្រព្យ”៕ VN Express៕

LEAVE A REPLY

Please enter your comment!
Please enter your name here