ការលក់ផ្ទះថ្មីនៅប្រទេសសិង្ហបុរី ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០២២

0

តែម សុខុម

សិង្ហបុរី: ការលក់ផ្ទះឯកជនថ្មីៗប្រចាំខែក្នុងប្រទេសសិង្ហបុរី បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែធ្នូ ឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យសម្រាប់ខែកញ្ញា ដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) កាលពីថ្ងៃច័ន្ទ ទី១៦ ខែតុលា។

ដោយនេះមិនទាន់ទាំងរាប់បញ្ចូលខុនដូ Executive Condominium (ប្រភេទខុនដូសម្រាប់អ្នកមានវណ្ណៈកណ្ដាល) ផ្ទះឯកជនថ្មីៗត្រឹម២១៧យូនីតប៉ុណ្ណោះដែលត្រូវបានលក់ចេញកាលពីខែមុន ដោយធ្លាក់ចុះ៤៤,៩%បើធៀបនឹង៣៩៤យូនីតដែលត្រូវបានលក់ចេញក្នុងខែសីហា។

តួលេខនេះក៏បង្ហាញពីការធ្លាក់ចុះ៧៨%ផងដែរ បើធៀបទៅនឹងផ្ទះចំនួន៩៨៧យូនីតដែលត្រូវបានលក់ចេញក្នុងខែកញ្ញា ឆ្នាំ២០២២។ លើកចុងក្រោយដែលផ្ទះលក់បានតិចបំផុតគឺនៅខែធ្នូ ឆ្នាំ២០២២ ដែលពេលនោះផ្ទះត្រឹមតែ១៧០យូនីតប៉ុណ្ណោះដែលត្រូវបានលក់ចេញ។

ក្រុមអ្នកវិភាគលើកឡើងថា ការធ្លាក់ចុះនូវការលក់ផ្ទះពីរខែជាប់ៗគ្នានេះអាចបណ្ដាលមកពីគ្មានគម្រោងបើកលក់ទ្រង់ទ្រាយធំអំឡុងរយៈពេលនោះ។

ផ្ទះត្រឹមតែ៦៨យូនីតប៉ុណ្ណោះដែលត្រូវបានបើកលក់ក្នុងខែកញ្ញា ដោយធ្លាក់ចុះខ្លាំងបើធៀបនឹងផ្ទះចំនួន៥៩០យូនីតដែលត្រូវបានបើកលក់ក្នុងខែសីហា និងផ្ទះចំនួន២.១៥៦យូនីតដែលត្រូវបានបើកលក់ក្នុងខែកក្កដា៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here