ចំនួនភ្ញៀវទេសចរចិនចូលមកកាន់ប្រទេសថៃមានការថយចុះខ្លះ ខណៈទំនុកចិត្តលើសន្តិសុខបានធ្លាក់ចុះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាម្ចាស់សណ្ឋាគារ និងសហគ្រិនទេសចរណ៍នៅទីក្រុងឈៀងម៉ៃ កំពុងអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនការគ្រប់គ្រងកាំភ្លើង ដើម្បីធានាសុវត្ថិភាព បន្ទាប់ពីមានការបាញ់ប្រហារនៅផ្សារទំនើប Siam Paragon កាលពីថ្ងៃទី៣ ខែតុលា ដែលបានប៉ះពាល់ដល់ទំនុកចិត្តរបស់ភ្ញៀវទេសចរចិនចំពោះប្រទេសថៃ។

ភ្ញៀវទេសចរប្រហែល៦០.០០០នាក់មកពីប្រទេសចិនបានលុបចោលការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសថៃ បន្ទាប់ពីមានការបាញ់ប្រហារនៅផ្សារ Siam Paragon ដែលបានសម្លាប់មនុស្ស៣នាក់ ក្នុងនោះមានភ្ញៀវទេសចរចិនម្នាក់ និង៤នាក់ទៀតបានរងរបួស។

យោងតាមទិន្នន័យពីក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះ Airports of Thailand បានបង្ហាញថា ចំនួននៃការមកដល់របស់ភ្ញៀវទេសចរចិនបានធ្លាក់ចុះ៩,២% ពី៦៥០.០០០នាក់ មកនៅត្រឹម៥៩០.០០០នាក់ បន្ទាប់ពីកើតឧប្បត្តិហេតុនេះ។លោក Chutidech Promkaewngarm ជំនួយការអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Standard Tour Co Ltd បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ការស្លាប់របស់ស្ត្រីជនជាតិចិនក្នុងអំឡុងពេលបាញ់ប្រហារនឹងប៉ះពាល់ដល់ទំនុកចិត្តរបស់ភ្ញៀវទេសចរជាបណ្តោះអាសន្ន។

លោកបានអះអាងថា អ្នកនិយមលេងអុីនធឺណិតនៅប្រទេសចិនជាច្រើនបានបង្ហោះថា ពួកគេនឹងមិនទៅលេងប្រទេសណា ដែលការកាន់កាប់កាំភ្លើងជារឿងមិនខុសច្បាប់នោះទេ ខណៈដែលសាក្សីនៅកន្លែងកើតហេតុបានចែករំលែកបទពិសោធន៍របស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន Weibo ថា ការធ្វើដំណើរលើកដំបូងរបស់ពួកគេទៅកាន់ប្រទេសថៃក៏ជាលើកចុងក្រោយរបស់ពួកគេផងដែរ។លោក Paisarn Sukcharoen ប្រធានសមាគមសណ្ឋាគារថៃភាគខាងជើងបានលើកឡើងថា “ឧបទ្ទវហេតុនេះបានធ្វើឱ្យមានការព្រួយបារម្ភដល់ប្រតិបត្តិករទេសចរណ៍និងសហគ្រិនដែលអាជីពរបស់ពួកគេពឹងផ្អែកលើវិស័យទេសចរណ៍ ហើយជាង៣០% នៃការកក់សណ្ឋាគារត្រូវបានពន្យារពេលភ្លាមៗ បន្ទាប់មានរឿងនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here