សុទិដ្ឋិនិយមរបស់ក្រុមហ៊ុនអាជីវកម្មអាមេរិក ដែលកំពុងប្រតិបត្តិការនៅប្រទេសចិនធ្លាក់ចុះដល់កម្រិតទាបបំផុត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិមួយបានបង្ហាញថា ភាពតាន តឹងផ្នែកនយោបាយ និងបញ្ហាសេដ្ឋកិច្ចកំពុងធ្វើឱ្យទំនុកចិត្តរបស់ក្រុមហ៊ុនអាជីវកម្មអាមេរិក ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិនមានការធ្លាក់ចុះយ៉ាងខ្លាំង។

ការស្ទង់មតិខាងលើរៀបចំធ្វើឡើង ដោយសភាពាណិជ្ជកម្មអាមេរិក (AmCham) ប្រចាំនៅទីក្រុងសៀងហៃ ទៅលើអ្នកឆ្លើយសំណួរចំនួន៣២៥រូប។

ការស្ទង់មតិរកឃើញថា ចំនួនក្រុមហ៊ុនដែលមានសុទិដ្ឋិនិយមអំពីទស្សនវិស័យរយៈពេល៥ឆ្នាំ របស់ពួកគេនៅក្នុងប្រទេសចិនបានដាំក្បាលចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន។

តួយ៉ាង ភាគរយនៃក្រុមហ៊ុនអាមេរិក ដែលនៅតែបន្តមានសុទិដ្ឋិ និយមលើទស្សនវិស័យអាជីវកម្ម រយៈពេល៥ឆ្នាំនៅប្រទេសចិន បានធ្លាក់ចុះមកត្រឹម៥២%។ នេះបើយោងតាមការស្ទង់មតិប្រចាំឆ្នាំដែលចេញផ្សាយ ដោយសភាពាណិជ្ជកម្មអាមេរិក (AmCham) ប្រចាំនៅទីក្រុងសៀងហៃ។

តួលេខនេះគឺជាកម្រិតទាបបំផុត ចំពោះសុទិដ្ឋិនិយមរបស់ក្រុមហ៊ុនអាមេរិកនៅក្នុងប្រទេសចិន គិតចាប់តាំងពីរបាយការណ៍ប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្ម AmCham Shanghai ត្រូវបានចងក្រងឡើងជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៩។

ភាព​តានតឹង​រវាង​មហាអំណាច​ពិភពលោក​ នៅតែ​ជា​ក្តីកង្វល់​សម្រាប់​ក្រុមហ៊ុន​អាមេរិកជាច្រើន ដោយ​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ត្រូវបាន​គេលើក​ឡើង​ថា​ ជា​បញ្ហា​ប្រឈម​ដ៏កំពូល។

ទន្ទឹមគ្នានេះ ភាពមិនច្បាស់លាស់អំពីតម្លាភាព នៃបរិយាកាសបទប្បញ្ញត្តិរបស់ប្រទេសចិន ក៏បានកើនឡើងផងដែរ ខណៈ១/៣នៃអ្នកឆ្លើយសំណួរក្នុងការស្ទង់មតិខាងលើ បានរាយការណ៍ថា គោលនយោបាយ និងបទប្បញ្ញត្តិរបស់ចិន ចំពោះក្រុមហ៊ុនបរទេសបានវិវឌ្ឍកាន់តែអាក្រក់កាលពីឆ្នាំ២០២២កន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here