ដោយ: គង់ លាងហួរ
ហាណូយ: ក្រុមហ៊ុនអាកាសចរណ៍Vietnam Airlines បានផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួន ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប ខណៈដែលអាកាសយានដ្ឋានសៀមរាបចាស់ ត្រូវបានបិទជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ បច្ចុប្បន្នជាអាកាសយានដ្ឋានធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពអាចបម្រើអ្នកដំណើរបានរហូតដល់ទៅ៧លាននាក់ ក្នុងដំណាក់កាលដំបូង។
អាកាសយានដ្ឋាននេះ ស្ថិតនៅចម្ងាយប្រហែល៥៥គីឡូម៉ែត្រពីបេះដូងនៃខេត្តសៀមរាប និងប្រហែល៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ ដែលធ្វើឱ្យវាកាន់តែងាយស្រួល សម្រាប់អ្នកធ្វើដំណើរទៅកាន់តំបន់កណ្តាល និងតំបន់ទេសចរណ៍ផ្សេងៗ។អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ (SAI) ដែលមានផ្លូវរត់ប្រវែង៣.៦០០ម៉ែត្រ គឺជាអាកាសយានដ្ឋានអន្តរជាតិកម្រិត 4E ដែលអាចទទួលជើងហោះហើរ ចម្ងាយឆ្ងាយមកពីជុំវិញពិភពលោក។
អាកាសយានដ្ឋាននេះ នឹងអាចទទួលអ្នកដំណើរតាមយន្តហោះចំនួន៧លាននាក់ ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៤ និងរហូតដល់១២លាននាក់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០៤០។ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍Vietnam Airlines បានសហការជាមួយអង្គភាពគ្រប់គ្រង នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរលើហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់បច្ចេកវិទ្យា ដូចជាប្រព័ន្ធ check-in ការឡើងយន្តហោះ និងសេវាកម្មលើដីផ្សេងទៀត ដើម្បីធានាបាននូវបទពិសោធន៍ដ៏ងាយស្រួល និងរហ័សសម្រាប់អ្នកដំណើរ៕