CDCអនុម័តគំរោងចំនួន៥ជាមួយទុនវិនិយោគជាង៥៣លានដុល្លារ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឱ្យដឹងកាលពីថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៣ខ្លួនបានអនុម័តយល់ព្រមឱ្យក្រុមហ៊ុន​ចំនួន៥ មកវិនិយោគនៅកម្ពុជា ជាមួយទុនសរុបជាង៥៣លានដុល្លារ និងបង្កើតការងាររាប់ពាន់កន្លែង។

យោងតាមការស្នើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង៥  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោ​វិនិយោគជូនដល់​ក្រុមហ៊ុនដូចជា
ទី១-ក្រុមហ៊ុន“TELCOTECH LTD.” គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ Kampus មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ២៧,៧លានដុល្លារ​អាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧កន្លែង។ ទី២-ក្រុមហ៊ុន“JINZHENG HOME DECORATION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងឧបករណ៍អគ្គិសនីធ្វើពីប្លាស្ទីក អាគ្រីលីក និងគ្រីស្តាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ៨,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២៤០កន្លែង។
ទី៣-ក្រុមហ៊ុន “BESWIN FASHION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមខ្នើយ ស្រោមពូក ភួយ និងវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៦៣៦កន្លែង។

ទី៤-ក្រុមហ៊ុន “PET NEW MATERIALS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំបន្ទះសូឡាដែលមានទីតាំង​វិនិយោគ ស្ថិតនៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨ លានដុល្លារអាមេរិកនិងអាច​បង្កើតការងារបានចំនួន ១៥១កន្លែង។ ទី៥-ក្រុមហ៊ុន “MAXWILL GARMENT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ​ស្ថិតនៅដីឡូតិ៍លេខ១ អគារលេខ២ និងលេខ៤ ផ្លូវជាតិលេខ៤ ភូមិវល្លសរ ឃុំវល្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគ​ប្រមាណ៥,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៨៦កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here