ដោយ: គង់ លាងហួរ
សៀមរាប: អ្នកនាងជ័យ ស្រីខួច អ្នកលក់វត្ថុអនុស្សាវរីយ៍នៅឧទ្យានបុរាណវិទ្យាអង្គរ ចង់ឃើញភ្ញៀវទេសចរចិន កាន់តែច្រើនឡើង ដោយអ្នកស្រីបញ្ជាក់ថា ភ្ញៀវទេសចរចិន គឺជាប្រភពចំណូលដ៏សំខាន់របស់អ្នកស្រីក្នុងសម័យមុនជំងឺកូវីដ-១៩។
ដោយប្រកបមុខរបរជាអ្នកលក់ វត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទដូចជា ទ្រ ស្គរ ឈើច្រត់ ផ្ទាំងគំនូរអង្គរ ខ្សែដៃអង្កាំ ខ្សែក និងក្រមាបុរាណនៅប្រាសាទតាព្រហ្ម ក្នុងបរិវេណអង្គរអស់រយៈពេលជាច្រើនឆ្នាំមកហើយ អ្នកនាងបានសង្កេតឃើញថា ភ្ញៀវទេសចរចិនចូលចិត្តដើរទិញឥវ៉ាន់ និងទិញវត្ថុអនុស្សាវរីយ៍។
អ្នកនាងបានប្រាប់សារពត៌មាន Xinhua កាលពីថ្ងៃអង្គារកន្លងទៅថា “ភ្ញៀវទេសចរចិនជាអ្នកចំណាយដ៏ធំ សម្រាប់វត្ថុអនុស្សាវរីយ៍ ហើយខ្ញុំចង់ឃើញពួកគេ ត្រឡប់មកកម្ពុជាវិញ ដូចមុនពេលមានជំងឺរាតត្បាត”។
អ្នកនាងបានបន្តថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរចិនបានត្រលប់មកកាន់អង្គរវិញជាបណ្តើរៗហើយ ប៉ុន្តែចំនួននេះនៅមានកម្រិតទាបនៅឡើយ បើធៀបនឹងកម្រិតមុនផ្ទុះជំងឺរាតត្បាត។
អ្នកនាងបានបន្តថា “យើងចង់ឱ្យភ្ញៀវទេសចរចិន កាន់តែច្រើនមកលេងកម្ពុជា ពីព្រោះប្រទេសរបស់យើងមានសុវត្ថិភាពខ្ពស់ មិនដូចរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលបានចុះផ្សាយព័ត៌មានអវិជ្ជមាន អំពីកម្ពុជារបស់យើងនោះទេ”។
អាជីវករវ័យ២៦ឆ្នាំរូបនេះបានណែនាំថា ភ្ញៀវទេសចរគួរតែទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ប្រសិនបើពួកគេទៅលេងខេត្តសៀមរាប ព្រោះប្រាសាទបុរាណទាំងនេះមានភាពអស្ចារ្យ និងប្លែកពិសេស។
ជាមួយគ្នានេះ លោក ហុង ប៉េង មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាចិន នៅឧទ្យានបុរាណវិទ្យាអង្គរ មានជំនឿយ៉ាងមុតមាំថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ដែលបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួន កាលពីថ្ងៃច័ន្ទ នឹងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ចិន កាន់តែច្រើនឱ្យបើកជើងហោះហើរ ដោយផ្ទាល់មកកាន់ខេត្តសៀមរាប ដោយនាំភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន។
លោកបានបន្តថា “ការផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ បានជះឥទ្ធិពលដល់វិស័យទេសចរណ៍ ដែលបណ្តាលឱ្យមានការថយចុះយ៉ាងខ្លាំង នៃចំនួនភ្ញៀវទេសចរមកកាន់កម្ពុជា” ។ ប៉ុន្តែលោកសង្ឃឹមថា “ស្របពេលមានការបើកដំណើរការព្រលានយន្តហោះថ្មី យើងសង្ឃឹមថា ចំនួនភ្ញៀវទេសចរបរទេស នឹងវិលត្រឡប់ទៅរកកម្រិតមុនជំងឺរាតត្បាតវិញ”។
មគ្គុទ្ទេសក៍ទេសចរណ៍វ័យ៤០ឆ្នាំរូបនេះបានបន្តថា ភ្ញៀវទេសចរណ៍ មិនគួរមើលរំលងការទៅទស្សនាប្រាសាទអង្គរវត្ត ដែលជាតំបន់បេតិកភណ្ឌដ៏សំខាន់ បំផុតរបស់កម្ពុជានោះទេ ប្រសិនបើពួកគេមកលេងខេត្តសៀមរាប។
ចំណែកលោកPeng Wangxi ពាណិជ្ជករចិនមកពីទីក្រុងសៀងហៃដែលមកទស្សនកិច្ចនៅកម្ពុជា បានប្រាប់សារពត៌មានXinhua ថា “ប្រាសាទអង្គរវត្តពិតជាអស្ចារ្យណាស់។ ប្រសិនបើអ្នកចូលចិត្តវប្បធម៌ និងប្រវត្តិសាស្ត្រ វាពិតជាមានតម្លៃណាស់ក្នុងការមកទស្សនា”។ លោក Peng បានកត់សម្គាល់ពេលនិយាយ អំពីឧទ្យានបុរាណវិទ្យាអង្គរថា “ប្រាសាទអង្គរវត្ត សម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ដែលមានភាពទាក់ទាញពិសេស”៕






