ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងសាធារណៈរដ្ឋឆេក បាននិងកំពុងពិភាក្សាគ្នា លើការសម្រួលការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ការរៀបចំប្រព័ន្ឋេរំដោះទឹកជំនន់ និងការរៀបចំអភិវឌ្ឍន៍លំនៅដ្ឋាន។
កិច្ចពិភាក្សានេះ បានធ្វើឡើងក្នុងជំនួបការងាររវាងលោក ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកMartin Vavra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា នាថ្ងៃទី២៣ តុលា ២០២៣។
-->
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានពិភាក្សាជាមួយ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា លើការពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរបន្ថែមទៀត លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសការរៀបចំក្រុង ឱ្យក្លាយជាទីកន្លែងគួររស់នៅ ប្រកបដោយសុភមង្គល តាមរយៈការបន្តកែលម្អបន្ថែមទៀត និងស្វែងរកដំណោះស្រាយសមស្របថ្មីៗ ដូចជា ការសម្រួលចរាចរណ៍នៅភ្នំពេញ ប្រព័ន្ធរដោះទឹក និងការរៀបចំលំនៅឋាន។ ទាំងនេះគឺដើម្បីបន្តប្រែក្លាយរាជធានីភ្នំពេញ និងតំបន់ក្រុងនានាឱ្យក្លាយជាតំបន់ល្អឯក ស្អាត និងបៃតង សំដៅជំរុញការទាក់ទាញទេសចរណ៍ និងពង្រីកសកម្មភាពសង្គមសេដ្ឋកិច្ចបន្ថែមទៀត៕
