តែម សុខុម
សិង្ហបុរីៈ អង្គការឃ្លាំមើលពន្ធរបស់សហភាពអឺរ៉ុប EU Tax Observatory បាននិយាយកាលពីថ្ងៃច័ន្ទ ទី២៣ ខែតុលា ថា រដ្ឋាភិបាលនានាគួរតែរួមគ្នាចាត់វិធានការបង្ក្រាបជាអន្តរជាតិលើការគេចពន្ធជាមួយនឹងការកំណត់អត្រាពន្ធអប្បបរមាជាសកលលើមហាសេដ្ឋីពាន់លានដុល្លារ (Billionaire)។
អង្គការសិក្សាស្រាវជ្រាវនៅសាលាសេដ្ឋកិច្ច Paris School of Economics ខាងលើនេះបានលើកឡើងថា ប្រសិនបើដាក់ឱ្យអនុវត្តត្រឹមត្រូវនឹងជួយបង្កើនការប្រមូលពន្ធឈានដល់២៥០ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។តួលេខប្រមូលពន្ធនេះគឺស្មើត្រឹមតែ២%ប៉ុណ្ណោះនៃទ្រព្យសម្បត្តិចំនួន១៣ទ្រីលានដុល្លារអាមេរិក ដែលកាន់កាប់ដោយមហាសេដ្ឋីពាន់លានដុល្លារទាំង២.៧០០នាក់ទូទាំងពិភពលោក។
អង្គការនេះបានលើកឡើងក្នុងរបាយការណ៍ស្ដីពីការគេចពន្ធទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ (2024 Global Tax Evasion Report) របស់ខ្លួនថា បច្ចុប្បន្នពន្ធផ្ទាល់ខ្លួនដែលមានប្រសិទ្ធភាពអនុវត្តន៍សម្រាប់មហាសេដ្ឋីពាន់លានដុល្លារ គឺតិចជាងពន្ធបង់ដោយអ្នកជាប់ពន្ធផ្សេងៗទៀតដោយសារពួកគេអាចរក្សាទុកទ្រព្យសម្បត្តិនៅក្នុងក្រុមហ៊ុនស្រមោល (Shell company) ដែលធ្វើឱ្យពួកគេអាចគេចពន្ធលើប្រាក់ចំណូលបានដោយងាយ។
លោក Gabriel Zucman នាយកអង្គការខាងលើនេះបានទម្លាយប្រាប់ក្រុមអ្នកកាសែតថា “យើងយល់ឃើញថា វាលំបាកនឹងពន្យល់បកស្រាយណាស់ ពីព្រោះវាបង្កហានិភ័យជះផលប៉ះពាល់ដល់ប្រព័ន្ធពន្ធដារ និងការទទួលយករបស់សង្គមចំពោះការយកពន្ធ”។






