ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជានឹងចូលរួមបើកវេទិការដ្ឋាភិបាល និងវិស័យឯកជននៅថ្ងៃទី១៣ វិច្ឆិកាខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកជា វុទ្ឋីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ព័ត៌មានដ៏មានសារៈសំខាន់នេះ ត្រូវបានលើកឡើងដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូសមាគមសភាពាណិជ្ជកម្មចិន ដឹកនាំដោយលោក Lin Shiqiang ប្រធានសមាគម។
លោកជា វុទ្ឋីបានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាល នឹងរៀបចំវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន លើកទី១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលជាឱកាសសម្រាប់វិនិយោគ លើកឡើងនូវបញ្ហាប្រឈមជូន ក្រុមការងារ តាមវិស័យពិនិត្យដោះស្រាយ ចំពោះបញ្ហាដែលមិនអាចដោះស្រាយក្នុងកម្រិតក្រុមការងារ បញ្ហានោះត្រូវគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ផ្ដល់អនុសាសន៍ក្នុងវេទិកានោះតែម្តង។
បន្ថែមពីលើនេះ លោកអគ្គលេខាធិការ បានស្នើសមាគមសភាពាណិជ្ចកម្មចិន មេត្តាបន្តជួយផ្សព្វផ្សាយអំពី បរិស្ថានវិនិយោគនៅកម្ពុជាបន្ថែមទៀត៕