ដោយៈ គង់ សូរិយា
ភ្នំពេញៈ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ លោកJustin Whyatt ឯកអគ្គរាជទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណូមពរឲ្យអូស្ត្រាលី ពិនិត្យលទ្ធភាព ដើម្បីវិនិយោគលើសេវាដឹកជញ្ជូនសាធារណៈ នៅរាជធានីភ្នំពេញ ខណៈដែលកំណើនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញចេះតែកើនឡើងប្រឈមទៅនឹងការកកស្ទះចរាចរណ៍។
លោកឃួង ស្រេង បានជម្រាបជូនភាគីអូស្រ្តាលីថា គិតមកពេលនេះ រាជធានីភ្នំពេញមានប្រជាពលរដ្ឋស្នាក់នៅ និងចេញចូលប្រកបរបរនានាមានប្រមាណ៣លាននាក់ មានរថយន្តប្រមាណ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង២,២លានគ្រឿង។
លោកបន្តថា ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាងស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម។ ដូច្នេះហើយ លោកមានសំណូមពរឲ្យមាននិយោគទុន របស់អូស្រ្តាលីពិនិត្យលទ្ធភាព ដើម្បីវិនិយោគទៅលើការដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ក្រៅពីប្រឈមនឹងបញ្ហាចរាចរណ៍ រាជធានភ្នំពេញ ក៏មានបញ្ហាប្រឈមទៅនឹងប្រព័ន្ធលូប្រឡាយផងដែរ ដែលបញ្ហានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ណាស់ ដោយធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ លែងលិចលង់ក្នុងរយៈពេល៤ឆ្នាំទៀត។
លោក Justin Whyattបានមានប្រសាសន៍ថា កាលពីឆ្នាំ២០០១ លោកបានមកបំពេញការងារនៅភ្នំពេញ តែ២០ឆ្នាំចុងក្រោយនេះ ពេលលោកមកដល់ភ្នំពេញម្តងទៀតឃើញថា ភ្នំពេញពិតជាមានការអភិវឌ្ឍន៍រីកចម្រើនលឿនខ្លាំង។
លោកបញ្ជាក់ថា ការមកសម្ដែងការគួរសមនេះ លោកមានបំណងចង់ស្ដាប់ ពីបញ្ហាប្រឈមនានារបស់រដ្ឋបាល រាជធានីភ្នំពេញ និងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី បានស្វែងរកសេដ្ឋកិច្ចជាច្រើន ពិសេសលើវិស័យកសិកម្ម ដោយបានគៀងគរអ្នកវិនិយោគអូស្ត្រាលី មកវិនិយោគលើវិស័យនេះជាច្រើន។
លោកបញ្ជាក់ថា ទំនាក់ទំនង រវាងកម្ពុជា និងអូស្ត្រាលី ទទួលបានផ្លែផ្កាកាន់តែល្អ ទាំងខាងសេដ្ឋកិច្ច កសិកម្ម នគរបាល ការពារជាតិ និងសន្តិសុខជាដើម៕