ដោយ: គង់ លាងហួរ
ម៉ារ៉ុក: មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចចិន និងតំបន់ចាយប្រាក់អឺរ៉ូ ដោយបាននិយាយថា កំណើនសេដ្ឋកិច្ចសកលលោកទាំងមូលនៅតែមានកម្រិតទាប និងមិនស្មើគ្នា។
IMF បានរក្សាការព្យាករសម្រាប់កំណើន GDP ពិតប្រាកដរបស់ពិភពលោកក្នុងឆ្នាំ២០២៣ក្នុងរង្វង់៣,០%ដដែល នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយ (WEO) ប៉ុន្តែ IMF បានបន្ទាបការព្យាករចំនួន០,១ភាគរយសម្រាប់កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៤ មកនៅត្រឹម២,៩ភាគរយធៀបនឹងការព្យាករក្នុងខែកក្កដារបស់ខ្លួន។
ប្រធានសេដ្ឋវិទូរបស់ IMF លោកស្រី Pierre-Olivier Gourinchas បានប្រាប់អ្នកយកព័ត៌មានថា សេដ្ឋកិច្ចពិភពលោកបានបន្តងើបឡើងវិញពីជំងឺរាតត្បាត ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងវិបត្តិថាមពលកាលពីឆ្នាំមុន ប៉ុន្តែនិន្នាការកំណើនមានភាពខុសប្លែកគ្នាកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក។លោកស្រី Gourinchas បានបន្តថា ជាទូទៅ ការព្យាករទាំងនេះបានចង្អុលបង្ហាញឱ្យឃើញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងកម្រិតមួយសមរម្យ ប៉ុន្តែ IMF នៅតែមានការព្រួយបារម្ភអំពីហានិភ័យទាក់ទងនឹងវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសចិន តម្លៃទំនិញដែលប្រែប្រួលខ្លាំង ការបែងចែកភូមិសាស្ត្រនយោបាយ និងការកើនឡើងវិញនៃអតិផរណា។
លោកស្រីបញ្ជាក់ថា សេដ្ឋកិច្ចពិភពលោកកំពុងបង្ហាញពីភាពធន់ ហើយសេដ្ឋកិច្ចពិភពលោកមិនរងការភ្ញាកផ្អើលខ្លាំង ដោយសារការតក់ស្លុតដ៏ដែលវាបានជួបប្រទះក្នុងរយៈពេលពីរ ឬបីឆ្នាំចុងក្រោយនេះនោះទេប៉ុន្តែសេដ្ឋកិច្ចក៏មិនបានដំណើរការល្អពេកដែរ។
IMF បានបង្កើនការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចអាមេរិក ដែលជាសេដ្ឋកិច្ចធំជាងគេរបស់ពិភពលោកចំនួន០,៣ភាគរយ ឡើងដល់២,១ភាគរយសម្រាប់ឆ្នាំនេះ និងបង្កើនចំនួន០,៥ភាគរយ ដល់១,៥ភាគរយ សម្រាប់ឆ្នាំ២០២៤។
ផ្ទុយទៅវិញ IMF ព្យាករថា សេដ្ឋកិច្ចចិននឹងកើនឡើង៥ភាគរយនៅឆ្នាំនេះ និង៤,២ភាគរយនៅឆ្នាំ២០២៤ ដែលការព្យាករថ្មីនេះឆ្លុះបញ្ចាំងពីការធ្លាក់ចុះចំនួន០,២%និង០,៣%រៀងៗគ្នាបើធៀបនឹងការព្យាករកាលពីលើកមុន។
លើសពីនេះ IMF ក៏បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់តំបន់ចាយប្រាក់អឺរ៉ូមកត្រឹម០,៧ភាគរយសម្រាប់ឆ្នាំនេះ និង១,២ភាគរយសម្រាប់ឆ្នាំ២០២៤ បើធៀបនឹងការព្យាករ០,៩% និង១,៥%រៀងៗគ្នាកាលពីខែកក្កដាកន្លងទៅ៕