ដោយៈ សុខុម
បាងកកៈ មហាសេដ្ឋីថៃ នឹងបើកដំណើរការក្រុមហ៊ុនអាកាសចរណ៍ថ្មីៗចំនួន៥ ជាមួយនឹងទំហំទុនវិនិយោគ សរុបយ៉ាងតិច១០៦,៥លានដុល្លារអាមេរិក ដោយរំពឹងថានឹងចាប់ផ្តើម ប្រតិបត្តិការពាណិជ្ជកម្មនៅឆ្នាំ២០២៤។
ទីផ្សារអាកាសចរណ៍ ដែលកំពុងរីកចម្រើនឥតឈប់ឈររបស់ប្រទេសថៃ ត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់ទំហំ៨,៨៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំក្រោយ។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃពុធ ទី២៥ ខែតុលា។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗទាំង៥ ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការហោះហើរតាមផ្លូវអាកាស (AOL) រួមមាន ក្រុមហ៊ុនអាកាសចរណ៍ Really Cool Airlines ក្រុមហ៊ុន P80 Air ក្រុមហ៊ុន Pattaya Airways ក្រុមហ៊ុន Siam Seaplane និងក្រុមហ៊ុន Landarch Airlines។
ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ នឹងត្រូវរង់ចាំអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) អនុម័តលើវិញ្ញាបនបត្រប្រតិបត្តិករ ផ្លូវអាកាស (AOC) របស់ខ្លួន មុននឹងក្រុមហ៊ុនទាំងនេះ អាចហោះហើរពាណិជ្ជកម្មនៅក្នុងប្រទេសថៃបាន។
គម្រោងបើកក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ ទាំងនេះធ្វើឡើង ស្របពេលប្រទេសថៃ បានកំណត់គោលដៅថ្មី ក្នុងការរកប្រាក់ចំណូលឱ្យបានប្រមាណ៨៥ពាន់លានដុល្លារអាមេរិក ពីភ្ញៀវអន្តរជាតិ និងប្រែក្លាយប្រទេសនេះ ទៅជាមជ្ឈមណ្ឌលកីឡា និងការកម្សាន្ត។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Sudawan Wangsuphakijkosol បានទម្លាយឱ្យដឹងក្នុងឆ្នាំនេះ៕ The Nation៕






