ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បាននិងកំពុងស្នើឲ្យរដ្ឋាភិបាលពិចារណា និងសិក្សាលើទិដ្ឋភាពច្បាប់មួយចំនួន ដើម្បីអនុញ្ញាត្តឲ្យជនបរទេស មានសិទ្ឋស្របច្បាប់ក្នុងការទិញផ្ទះ និងដីនៅក្នុងបុរីបាន។
គំនិតនេះ ត្រូវបានលើកឡើងក្នុងចំណោម ប្រធានបទសំខាន់ៗចំនួន៣ ដែលបានពិភាក្សាគ្នារវាង ថ្នាក់ដឹកនាំ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ជាមួយលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។កិច្ចប្រជុំ ដែលបានធ្វើឡើងកាលពីដើមសប្តាហ៍នេះ បានពិភាក្សា” អំពីស្ថានភាព វិស័យសំណង់នៅកម្ពុជា” ដែលកំពុងមានបញ្ហាធ្លាក់ចុះនៅក្នុងទីផ្សារ ស្របពេលស្ថានភាពសេដ្ឋកិច្ចសកល កំពុងមានភាពមិនច្បាស់លាស់។
អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានប្រាប់បណ្តាញព័ត៌មានកាលពីម្សិលម៉ិញថា ការលើកឡើងនេះ គ្រាន់តែជាសំណើ ដើម្បីរិះរកវិធីក្នុងការដោះស្រាយបញ្ហា ដែលអ្នកអភិវឌ្ឍន៍លំនៅឋានបានជួបប្រទះ។ តែយ៉ាងយើងត្រូវសិក្សាពីច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ក៏ដូចជា សិក្សាពីប្រទេសជិតខាង និងប្រទេសដទៃទៀត ដែលគេអាចធ្វើបាន។
អ្នកឧកញ៉ាបន្ថែមថា “ករណីនេះគឺពាក់ព័ន្ធ នឹងទិដ្ឋភាពផ្លូវច្បាប់ជាច្រើន ដូច្នេះយើងមិនអាចនិយាយមុនបានទេ ទាល់តែយើងធ្វើការសិក្សាឱ្យបានស្រួលបួលសិន”។
ជាមួយនឹងសំណើរនេះ គេក៏បានសិក្សានៅប្រទេសជិតខាងកម្ពុជា គឺប្រទេសថៃ ដែលអនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋទិញ និងកាន់កាប់ដី នៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនភាគខាងកើតផងដែរ។ កម្ពុជាបានអនុម័តច្បាប់ស្ដីពី ការផ្ដល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជន នៃអគារសហកម្មសិទ្ធិ (ខុនដូ) ដល់ជនបរទេស ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០។ ច្បាប់នេះត្រូវបានបង្កើតឡើង ដែលផ្ដល់លក្ខខណ្ឌពិសេស ដល់ជនបរទេសទាំងឡាយ ក្នុងការទទួលបានសិទ្ធិ ក្លាយជាកម្មសិទ្ធិករស្របច្បាប់ លើចំណែកឯកជននៃអគារសហកម្មសិទ្ធិ។ ច្បាប់នេះ ក៏មានគោលបំណង បង្កលក្ខណៈងាយស្រួលដល់ជនបរទេស ក្នុងការមកវិនិយោគទុននៅប្រទេសកម្ពុជា ក៏ដូចជា ជួយគាំទ្រដល់ការរីកដុះដាល នៃវិស័យអចលនទ្រព្យ និងវិស័យសំណង់នៅក្នុងប្រទេសផងដែរ។
បញ្ហាដដែលនេះ ធ្លាប់ត្រូវបានលើកឡើង ដោយលោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងផងដែរ។លោកឧកញ៉ាបានមានប្រសាសន៍ថា កម្ពុជាគួរតែកំណត់តំបន់ណាមួយ ដែលអនុញ្ញាត្តឲ្យជនបរទេស អាចមានសិទ្ឋទិញដីបាន ដែលវាជាឱកាសដ៏ល្អសម្រាប់អភិវឌ្ឍន៍កម្ពុជា ពិសេសតំបន់ដែលកំណត់បែបនេះ នឹងមានការរីកចម្រើន និងទាក់ទាញការវិនិយោគ។
ទាក់ទងនឹងកិច្ចប្រជុំ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានពិភាក្សាលើចំណុចសំខាន់ៗជាច្រើនផងដែរ។
កិច្ចប្រជុំនោះ បានពិភាក្សាលើខ្លឹមសារ ប្រធានបទសំខាន់ៗមួយចំនួនដូចជា ទី១ ពិភាក្សាលើស្ថានភាពវិស័យសំណង់រួម នៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមបច្ចុប្បន្ន។ ទី២ ពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យសំណង់នៅកម្ពុជា។ទី៣. ពិភាក្សារលើទិដ្ឋភាពច្បាប់ ដើម្បីអនុញ្ញាតឱ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរី។
ជាមួយគ្នានេះ លោកហ៊ុយ វណ្ណា អគ្គលេខាធិការសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា អ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះ បាននិងកំពុងទទូចឲ្យរដ្ឋាភិបាល ដោះស្រាយបញ្ហានេះ ពិសេសពិចារណាលើទិដ្ឋភាពច្បាប់នានា ដែលអនុញ្ញាត្តឲ្យជនបរទេសទិញដី និងលំនៅដ្ឋានជាលក្ខណៈបុរីបាន។លោកបន្តថា “ការអន្តរាគមន៍ណាមួយពីរដ្ឋាភិបាល ក្នុងការទម្លាក់កញ្ចប់ថវិកា ដើម្បីជួយដល់វិស័យឯកជន ក្នុងការអភិវឌ្ឍលំនៅដ្ឋានពិតជាមានសារៈសំខាន់ណាស់ ដើម្បីស្តារវិស័យនេះឡើងវិញ”។
អតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ស្ថានភាពទីផ្សារអចលនវត្ថុ និងសំណង់ពិតជាមានភាពតានតឹងខ្លាំង ដែលទាមទារឲ្យរដ្ឋាភិបាលអន្តរាគមន៍ ដោយទម្លាក់ទុនឬកញ្ចប់ថវិកាណាមួយ ដើម្បីជួយស្តារវិស័យនេះឡើងវិញ។លោកបន្តថា “វាជាដំណោះស្រាយឈ្នះ ឈ្នះទាំងរដ្ឋ និងវិស័យឯកជន ព្រោះវិស័យនេះជាកំលាំងចលករធំមួយ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ”៕