ដំណឹងល្អៈ ក្រុមហ៊ុនអាកាសចរណ៍Qatar Airway ចាប់ផ្តើមបើកជើងហោះហើរឡើងវិញរវាងដូហា- ភ្នំពេញឡើងវិញហើយ

0

ដោយៈ​គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍Qatar Airways ដែលបានផ្អា​កការហោះហើរ ជាបណ្តោះអាសន្ន​ពីទីក្រុងដូហា ប្រទេសកាតាមក ទីក្រុងភ្នំពេញ​ ដោយការរីករាលដាលនៃជំងឺកូវីដ១៩នោះ បានចាប់ផ្តើមហោះហើរផ្ទាល់ មកកាន់ទីក្រុងភ្នំពេញឡើងវិញហើយ ​នៅចុងខែតុលានេះ ដើម្បីផ្សារភ្ជាប់ការហោះហើររវាងកម្ពុជា និងមជ្ឈិមបូព៌ា។

អាកាសយានដ្ឋានអន្តរជាតិកម្ពុជា ​Cambodia Airports បានឱ្យដឹងថា “Qatar Airways បានបន្តជើងហោះហើរប្រចាំថ្ងៃឡើងវិញរវាង ភ្នំពេញ (PNH) និង ទីក្រុងដូហា (DOH) នៅ​ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៣។ ជើងហោះហើរដំបូងនេះ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ០៤៖០៣ រសៀល”។លោក Cyril Girot នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន VINCI Airports ដែលជាប្រតិបត្តិករអាកាសយានដ្ឋានឯកជន ឈានមុខគេរបស់ពិភពលោកបានមានប្រសាសន៍ថា “ក្រុមការងារនៅអាកាសយានដ្ឋានរបស់យើងធ្វើការ ដោយមិនចេះនឿយហត់លើការជំរុញអោយមានការបង្កើនជើងហោះហើរ និងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ឱ្យត្រឡប់មកវិញ”។

លោកបន្តថា ការមើលឃើញការចុះចត ​នៃជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅក្នុងថ្ងៃនេះ គឺជារង្វាន់ដែលមិនអាចកាត់ថ្លៃបាន សម្រា​ប់ក្រុមការងារនៅអាកាសយានដ្ឋានរបស់យើង។ចំណែកលោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា Qatar Airway បានធ្វើការហោះហើរជារៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃមួយជើង​(៧ជើងក្នុងមួយសប្តាហ៍)។ ផ្លូវដែលក្រុមហ៊ុនអាកាសចរណ៍យក្សមួយនេះហោះហើរគឺ ដូហា-ហូជីមិញ-ភ្នំពេញ និងហោះត្រឡប់ទៅវិញ ភ្នំពេញ-ហូជីមិញ-ដូហា។លោកបន្តថា “ការភ្ជាប់ជើងហោះហើរឡើងរវិញ ​ពីទីក្រុងដូហា​ មកទីក្រុងភ្នំពេញ​ គឺជាសញ្ញាណល្អមួយ សម្រាប់វិស័យអាកាសចរណ៍នៅកម្ពុជា​ ខណៈដែលវិស័យទេសចរណ៍នៅកម្ពុជា ​បាននិងកំពុងមានភាពប្រសើរឡើង”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here