ដោយៈ តែម សុខុម
ប៉េកាំងៈ បក្សកុម្មុយនីស្តចិន នឹងបង្កើនការដឹកនាំលើឧស្សាហកម្មហិរញ្ញវត្ថុទំហំ៦១ទ្រីលានដុល្លារ របស់ប្រទេសចិន និងពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយហានិភ័យបំណុលក្នុងស្រុក។
ដោយលើកឡើងពីសន្និសីទស្ដីពី ការងារហិរញ្ញវត្ថុថ្នាក់ជាតិ (National Financial Work Conference) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ និងទី៣១ ខែតុលា សារព័ត៌មានរដ្ឋចិន បានឱ្យដឹងថា ប្រទេសចិន នឹងរក្សាភាពជាអ្នកដឹកនាំបែបមជ្ឈការ និងឯកភាវូបនីយកម្មរបស់បក្សកុម្មុយនីស្តចិន លើការងារហិរញ្ញវត្ថុ។
សន្និសីទដ៏មានសារៈសំខាន់ ដែលមានការចូលរួមពីប្រធានាធិបតីចិន លោក ស៊ី ជីនភីង និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង ខាងលើនេះឱ្យដឹងថា ប្រទេសចិន នឹងបង្កើតយន្តការមួយសម្រាប់ដោះស្រាយហានិភ័យបំណុលក្នុងស្រុក និងការគ្រប់គ្រងបំណុលរបស់រដ្ឋបាលមូលដ្ឋាន។
យន្តការនេះ ក៏នឹងជួយដល់តម្រូវការហិរញ្ញប្បទាន សមស្របសម្រាប់ក្រុមហ៊ុនអចលនទ្រព្យគ្រប់ប្រភេទ និងបន្តគោលនយោបាយនានាដែលមានគោលដៅ បំពេញតម្រូវការលំនៅឋានផងដែរ។
ដោយរៀបចំឡើងជាលើកដំបូងក្នុងឆ្នាំ១៩៩៧ សន្និសីទនេះត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះឥទ្ធិពលរបស់វាដែលមានទៅលើការវិវឌ្ឍ នៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន ដោយបានកំណត់ការតម្រង់ទិស សម្រាប់ការធ្វើកំណែទម្រង់ធំៗ នៅរយៈពេល៥ឆ្នាំបន្ទាប់។
ជាធម្មតា សន្និសីទនេះត្រូវបានរៀបចំឡើង រៀងរាល់៥ឆ្នាំម្ដង។ ទោះជាយ៉ាងណា សន្និសីទនេះមិនបានប្រារព្ធឡើងទេ នៅក្នុងឆ្នាំ២០២២ ដោយការប្រារព្ធឡើងលើកចុងក្រោយ គឺនៅក្នុងឆ្នាំ២០១៧៕ Reuters ៕