ដោយៈ ហ្វីអូណា
ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលនឹងរៀបចំនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី។
នេះជាការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។
លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់អូស្ត្រាលី នៅក្រោមក្របខ័ណ្ឌអាស៊ាន និងបានបញ្ជាក់អំពីវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្ដេចធិបតីនាយករដ្ឋមន្តី នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលនឹងរៀបចំនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី។
ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរជាច្រើនឆ្នាំ និងបានពិភាក្សាអំពីវិធីស្វែងរកលទ្ធភាពកាន់តែទូលំទូលាយ ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅលើវិស័យ ដែលមានសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញ ទៅមករបស់ប្រជាជនទាំងពីរ។
ភាគីទាំងពីរ ត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ ថ្នាក់ឧត្តមមន្រ្តី លើកទី៤ រវាងក្រសួងការបរទេសទាំងពីរ ដែលនឹងរៀបចំនៅកម្ពុជា នៅឆ្នាំ២០២៤ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។
លោកសុខ ចិន្តាសោភាបានថ្លែងអំណរគុណជាថ្មី ចំពោះការគាំទ្រ និងការបន្តផ្ដល់ជំនួយដ៏ថ្លៃថ្លា របស់អូស្ត្រាលីដល់កម្ពុជា ក្នុងវិស័យនានា ជាពិសេស វិស័យកសិកម្ម អប់រំ និងសុខាភិបាល រួមទាំងការផ្តល់វ៉ាក់សាំងកូវីដ-១៩។
ក្នុងវិស័យកសិកម្ម លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះ ការសម្ពោធពូជស្រូវក្រអូបថ្មី “ចំប៉ីស ៧០” ដែលបានដាក់ឈ្មោះដោយ សម្ដេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី កាលពីឆ្នាំមុន។
ក្នុងវិស័យអប់រំភាគីទាំងពីរ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សរួមទាំង ការកសាងសមត្ថភាពរបស់មន្ត្រីការទូតកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងស្ថានទូតអូស្ត្រាលីនៅភ្នំពេញ៕