តែម សុខុម
បាងកកៈ ក្រុមហ៊ុន Airbus ប្រកាសថា វិស័យបន្ទាប់ដែលខ្លួននឹងត្រូវផ្ដោតយកចិត្តទុកដាក់គឺអាជីវកម្មឧទ្ធម្ភាគចក្រ ដោយលើកឡើងពីសក្ដានុពលកំណើន២០%ក្នុងប្រទេសថៃ។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា។
លោក Fabrice Rochereau នាយករងក្រុមហ៊ុន Airbus ទទួលបន្ទុកអាជីវកម្មឧទ្ធម្ភាគចក្រថ្លែងថា ភាគច្រើននៃការពង្រីកអាជីវកម្មនេះត្រូវបានជំរុញដោយកំណើនតម្រូវការសម្រាប់ការផ្ដល់ជំនួយ ការរុករក និងការជួយសង្គ្រោះអំឡុងគ្រោះមហន្តរាយ ព្រមទាំងសន្តិសុខនាវាចរណ៍ក្នុងប្រទេសថៃ និងទូទាំងអាស៊ីអាគ្នេយ៍ ផងដែរ។
បច្ចុប្បន្នក្រុមហ៊ុននេះដំណើរការឧទ្ធម្ភាគចក្រជិត១.៩០០គ្រឿងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយក្នុងនោះមាន៧១គ្រឿងនៅក្នុងប្រទេសថៃ។Airbus ដែលជាក្រុមហ៊ុនអវកាសពហុជាតិសាសន៍អឺរ៉ុប ក្ដោបក្ដាប់ចំណែកទីផ្សារ៣០%ផ្នែកស៊ីវិល និងវិស័យរដ្ឋ និងឯកជន។អំឡុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រ សប្តាហ៍នេះ លោក Fabrice Rochereau គូសបញ្ជាក់ថា ឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុន Airbus ត្រូវបានប្រើប្រាស់សម្រាប់បេសកកម្មច្រើនប្រភេទក្នុងវិស័យស៊ីវិល វិស័យរដ្ឋ និងឯកជន និងវិស័យយោធា។
ឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុន Airbus កំពុងជួយគាំទ្រយ៉ាងសកម្មដល់ទីភ្នាក់ងារជាច្រើនទូទាំងពិភពលោកសម្រាប់បេសកកម្មរបស់ពួកគេក្នុងវិស័យដូចជាសន្តិសុខនាវាចរណ៍ សេវាវេជ្ជសាស្ត្របន្ទាន់ ការផ្ដល់ជំនួយអំឡុងគ្រោះមហន្តរាយ ព្រមទាំងការរុករក និងការសង្គ្រោះផងដែរ។ដើម្បីពង្រឹងមូលដ្ឋានអាជីវកម្មឧទ្ធម្ភាគចក្ររបស់ខ្លួនក្នុងប្រទេសថៃ លោក Bert Porteman តំណាងក្រុមហ៊ុន Airbus ប្រចាំប្រទេសថៃ បានលើកឡើងថា ក្រុមហ៊ុនគ្រោងបង្កើតមជ្ឈមណ្ឌលសេវាកម្មដំណើរការជើងហោះហើរ (Flight Operations Services Centre) មួយនៅក្រុងបាងកក ព្រមទាំងមជ្ឈមណ្ឌលអតិថិជនឧទ្ធម្ភាគចក្រដែលផ្ដល់សេវាកម្មជួសជុល និងថែទាំឧទ្ធម្ភាគចក្រស៊ីវិល និងយោធា និងការផ្ដល់ជំនួយបច្ចេកទេសដល់អតិថិជននៅក្នុងប្រទេសឡាវ និងកម្ពុជា ផងដែរ៕ The Nation ៕