ដោយ: គង់ លាងហួរ
សិង្ហបុរី: តាមរយៈការបោះផ្សាយលក់ប័ណ្ណបំណុលបៃតងរបស់រដ្ឋាភិបាលសិង្ហបុរី ថវិកាដែលប្រមូលបានពីការលក់ចំនួន៧០០លានដុល្លារសិង្ហបុរី (ប្រមាណ៥១១លានដុល្លារអាមេរិក) ត្រូវបានផ្តល់ជាហិរញ្ញប្បទានដល់ការសាងសង់គម្រោងខ្សែរថភ្លើងលើអាកាស Jurong Region Line (JRL) និងខ្សែរថភ្លើងក្រោមដី Cross Island Line (CRL)។
ទឹកប្រាក់ប្រមាណ៥១១លានដុល្លារអាមេរិកនេះ តំណាងឱ្យ៣០ភាគរយនៃប្រាក់ចំណូលសរុបចំនួន២,៤ពាន់លានដុល្លារសិង្ហបុរី (ប្រហែល១,៧៥ពាន់លានដុល្លារ) ដែលរដ្ឋាភិបាលប្រមូលបានពីការបោះផ្សាយលក់ប័ណ្ណបំណុលបៃតង សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។យោងតាមការចុះផ្សាយដោយសារពត៌មាន CNA បានបញ្ជាក់ឱ្យដឹងថា ប័ណ្ណបំណុលបៃតងនេះមានរយៈពេល៥០ឆ្នាំ ហើយវាត្រូវបានបោះផ្សាយលក់ជាលើកដំបូង កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅ។
ជាមួយគ្នានេះ ប្រាក់ចំណូល ដែលប្រមូលបានពីការលក់ប័ណ្ណបំណុលបៃតងត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំ និងត្រូវប្រើប្រាស់ដើម្បីអភិវឌ្ឍគម្រោងនានាដូចជា គម្រោងថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល ការការពារការបំពុល និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។
គម្រោង ដែលផ្តល់ហិរញ្ញប្បទានដោយប័ណ្ណបំណុលបៃតងទាំងនេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរមុខមាត់របស់ប្រទេសសិង្ហបុរី ទៅជាប្រទេសដែលមានកាបូនទាប និងធ្វើឱ្យប្រទេសនេះស្ថិតក្នុងស្ថានភាពកាន់តែល្អប្រសើរជាងមុន។
ស្របពេលដែលវិស័យដឹកជញ្ជូនតាមផ្លូវគោកនាពេលបច្ចុប្បន្នគ្របដណ្តប់ប្រហែល១៥ភាគរយនៃការបំភាយកាបូននៅក្នុងប្រទេសសិង្ហបុរី ដូច្នេះ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈ និងបណ្តាញផ្លូវដែកអគ្គិសនី គឺជាគន្លឹះក្នុងការកាត់បន្ថយការបំភាយសារធាតុកាបូននៅក្នុងប្រទេសនេះ៕