លំហូរទ្រព្យសម្បត្តិចេញពីតំបន់ចិនដីគោក ចូលទៅកាន់ទីក្រុង ហុងកុងកើនឡើងយ៉ាងគំហុកនៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

ហុងកុង: នាយកប្រតិបត្តិធនាគារ HSBC Group លោក Noel Quinn បានមានប្រសាសន៍ឱ្យដឹង នៅថ្ងៃអង្គារនេះថា លំហូរទ្រព្យសម្បត្តិពីតំបន់ចិនដីគោក ចូលទៅកាន់ទីក្រុងហុងកុង បានកើនឡើងពី៣ទៅ៤ដង នៅឆ្នាំនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលGlobal Financial Leaders Investment ដែលរៀបចំឡើង ដោយអាជ្ញាធររូបិយវត្ថុហុងកុង លោក Noel Quinn បានអះអាងថា តំបន់ Great Bay Area (GBA) បានផ្តល់ឱកាសអាជីវកម្មដ៏អស្ចារ្យ ជាមួយនឹងលំហូរនៃដើមទុន និងទេពកោសល្យនៅក្នុងតំបន់។លោកបានបន្តថា “ខ្ញុំមើលឃើញពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំពីគ្រប់មនុស្សទាំងអស់ ដែលខ្ញុំបានជួបនិយាយជាមួយ ដើម្បីអភិវឌ្ឍតំបន់ Great Bay Area ទៅជាតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយ”។

តំបន់ Great Bay Area ដែលគ្របដណ្ដប់ទីក្រុងហុងកុង ម៉ាកាវ និងផ្នែកខ្លះនៃខេត្តក្វាងទុង  ភាគអាគ្នេយ៍របស់ប្រទេសចិន ស្ថិតតាមបណ្តោយទន្លេគុជ (Pearl River) ត្រូវបានដាក់បញ្ចូលទៅក្នុងផែន ការជាតិរបស់ប្រទេសចិន ដើម្បីអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចក្នុងតំបន់។

លោក Quinn បានលើកឡើងថា ភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ហុងកុង និងមូលដ្ឋានផលិតកម្មនៅក្វាងទុង ក៏ដូចជាសមត្ថភាពស្រាវជ្រាវនៅក្នុងតំបន់ទាំង២ នឹងបង្កើតបានការរួមបញ្ចូលគ្នាដ៏មានឥទ្ធិពលមួយ ហើយធនាគាររបស់លោក កំពុងចាប់យកឱកាសទាំងនេះ។

លោកបន្ថែមថា “សកម្មភាពធនាគារលក់រាយថ្មី (Retail banking) នៅក្នុងតំបន់ Greater Bay Area បានហក់ឡើង៧០ភាគរយ ចាប់តាំងពីការបញ្ចប់ ទៅនៃជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលសកម្មភាពធនាគារថ្មី ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យមនៅទីក្រុងហុងកុងបានហក់ឡើង៩០ភាគរយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here