រដ្ឋាភិបាលកម្ពុជាប្រកាសដាក់ចេញផែនការលើកស្ទួយវិស័យទេសចរណ៍នៅខេត្តសៀមរាប និងដោះស្រាយបញ្ហាជាច្រើនទៀត

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: នៅថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកានេះ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិកា “រាជរដ្ឋាភិបាល​-ផ្នែក​ឯក​ជន”លើកទី១៩ ដែលរៀបចំឡើងនៅវិមានសន្តិភាព។

ក្នុងវេទិកានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ជាសក្ខីភាព នៃកិច្ចសហការដ៏ស្អិតរមួត និងវប្បធម៌សន្ទនារវាងរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងកង្វល់របស់អ្នកធុរកិច្ច និងវិនិយោគិន។

សម្តេចបានមានប្រសាសន៍ថា  ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងបញ្ចប់លិខិតបទដ្ឋានគតិយុត្តិ ដើម្បីសម្រួលក្នុងការផ្តល់សេវាសាធារណៈ ហើយកិច្ចការទាំងអស់នេះសុទ្ធតែពាក់ព័ន្ធនឹងផលិតកម្ម និងសិប្បកម្ម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត។សម្តេចធិបតីបានដាក់ចេញគោលការណ៍រួមដូចជា រាល់ការតាក់តែងបទដ្ឋានគតិយុត្តិ ដែលមានជាប់ពាក់ព័ន្ធកិច្ចប្រតិបត្តិកររបស់សហគ្រាស អាជីវកម្មនៃវិស័យឯកជន និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវមានការពិគ្រោះយោបល់ ជាមួយវិស័យឯកជនពាក់ព័ន្ធសំខាន់ៗ ហើយការដាក់ឱ្យអនុវត្តn^ត្រូវមានការផ្សព្វផ្សាយទូលំទូលាយ និងទុករយៈពេលអន្តរកាលយ៉ាងហោចណាស់៦ខែ មុននឹងចាប់ផ្តើមអនុវត្ត ដើម្បីធានាតម្លាភាព និងប្រសិទ្ធិភាពនៃការៀបចំ និងការអនុវត្តបទដ្ឋានគតិយុត្តិ។

សម្តេចបានប្រគល់ភារកិច្ច ដល់គណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្របសម្រួលដឹកនាំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការពិនិត្យឡើងវិញនូវលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណទាំងអស់ក្នុងវិស័យនីមួយៗ រាប់ចាប់ពីវិស័យទេសចរណ៍ វិស័យសហគ្រាសធុនមីក្រូតូច និងមធ្យម ដើម្បីលុបចេញ និងផ្គុំចូលគ្នានូវលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណដែលត្រួតស៊ីគ្នា ព្រមទាំងកែសម្រួលនីតិវិធី និងថ្លៃសេវានៃលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណ។

រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើកម្មករ -និយោជិតតាម រយៈការផ្តល់ប្រយោជន៍ ក្នុងរូបភាពផ្សេងៗ ដូចជា ការផ្តល់ការបណ្តុះបណ្តាលជំនាញ ការដំឡើងប្រាក់ឈ្នួលអប្បបរមា និងកិច្ចគាំពារសង្គមជាដើម ហើយកិច្ចការទាំងនេះ នឹងមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការគាំទ្រសហការពីនិយោជក ដែលត្រូវចំណាយបន្ថែ​ម ដើម្បីលើកកំពស់សុខមាលភាពរបស់កម្មករ-និយោជិត។

សម្តេចបន្តថា ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កម្ពុជាប្រមូលបានចំណូលពន្ធយ៉ាងច្រើន ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល មានសមត្ថភាពគ្រប់គ្រាន់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។

សម្តេចបញ្ជាក់ទៀតថា “រដ្ឋាភិបាលនីតិកាលទី៧ថ្មីនេះ ពុំមានគោលដៅបង្កើតប្រភេទពន្ធថ្មី  និងដំឡើងពន្ធដែលមានស្រាប់នោះឡើយ”។

យោងតាមប្រកាសលេខ២៥២ ស.ស.វ.ប្រ.ក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញស្រូវ អង្ករ ពោត សណ្តែក ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ការលើកទឹកចិត្តនឹងត្រូវពិនិត្យជាក់ស្តែង​អំពីការបន្ត ឬមិនបន្តនៅក្នុងរយៈពេល២ឆ្នាំដំបូង និងបន្ថែមផលិត​ផលកសិកម្មចំនួន៥មុខបន្ថែមទៀត ដែលកំពុងមានសក្តានុពលដូចជា មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងនៅក្នុងស្រុក ដែលជាវត្ថុធាតុដើមផលិតចំណីសត្វ ដោយអនុវត្តយន្តការលើកទឹកចិត្តដូចគ្នា នឹងការប្រកាសលេខ២៥២ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវអង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ដោយភ្ជាប់លក្ខខណ្ឌតម្រូវ ឱ្យមានការផ្តល់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញ និងសេវាកម្មទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្ទៀងផ្ទាត់។

ជាមួយគ្នានេះ រដ្ឋាភិបាលក៏នឹងលើកលែង ប្រាក់រំដោះពន្ធលើប្រាក់ចំណូលចំពោះសហគ្រាសដាំដុះ ផលិត និងផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផងដែរ ហើយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបន្តធ្វើការងារជាមួយវិស័យឯកជន ក្នុងការកាត់បន្ថយថ្លៃសេវាឡូជីស្ទីក តាមរយៈការពិនិត្យឡើងវិញនូវថ្លៃសេវានានា និងការធ្វើឱ្យនីតិវិធីគយមានភាពសាមញ្ញ  ព្រមទាំងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពត៌មាន។

សម្ដចធិបតីនាយករដ្ឋមន្រ្ដីបានបន្ដថា វេទិការនៅថ្ងៃនេះក៏ជាកិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហាប្រឈម និងកខ្វល់របស់ធុរជន វិនិយោគិន ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។

រដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្តផ្នែកសារពើពន្ធ ការលើកលែងការផាកពិន័យនានា ការបន្ធូរបន្ថយកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ និងការផ្តល់សិទ្ធិឱ្យជនបរទេសអាចកាន់កាប់អចលនទ្រព្យជាដើម។

សម្តេចធិបតីអះអាងថា “វិស័យទេសចរណ៍បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីវិបត្តិជំងឺកូវីដ-១៩នាពេលកន្លងមក ហើយរហូតមកទល់ពេលនេះ យើងឃើញថា តួលេខភ្ញៀវទេសចរដែលបានមកលេងនៅកម្ពុជាមានការកើនឡើង បើយោងតាមតួលេខពីក្រសួងទេសចរណ៍ និងគ្រឹះស្ថានអង្គរ។

ជាការពិត វិស័យទេសចរណ៍មានកំណើន ប៉ុន្តែមិនទាន់ដល់កម្រិតមុនផ្ទុះវិបត្តិកូវីដ-១៩នៅឡើយនោះទេ ហើយការកើនឡើងនេះទៀតសោត ក៏មិនមានស្ថានភាពដូចគ្នា អាស្រ័យទៅតាមគោលដៅទេសចរណ៍សំខាន់ៗ នៅខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏ធំមួយនៅកម្ពុជា។

សម្តេចបន្ថែមថា ក្នុងជំនួបជាមួយវិស័យឯកជន ក្នុងវិស័យទេសចរណ៍នាពេលកន្លងមក វិស័យឯកជនតែងតែបានលើកឡើងពីបញ្ហាប្រឈមជាច្រើន ទាំងនៅក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ និងវិស័យឯកជន ការជួបក្រៅផ្លូវការរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជំនួបជាមួយសម្តេចផ្ទាល់។

សម្តេចបញ្ជាក់ថា “យើងទាំងអស់គ្នាទទួលស្គាល់ថា ខេត្តសៀម​រាបបានរងផលប៉ះពាល់ធ្ងន់ជាងគេ ក្នុងចំណោមបណ្តាគោលដៅទេសចរណ៍សំខាន់ផ្សេងទៀត នៅប្រទេសកម្ពុជា ក្នុងន័យនេះរាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់ នៅក្នុងការដាក់ចេញវិធានការពិសេសនានា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ នៅខេត្តសៀមរាបឱ្យមានភាពល្អប្រសើរឡើងវិញ”។

សម្តេចគូសបញ្ជាក់ថា នៅពេលស្ថានភាពទេសចរណ៍ខេត្តសៀម​រាបមានភាពល្អប្រសើរឡើងវិញ នោះវានឹងជះឥទ្ធិពលដល់ខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស ហើយនេះពុំមែនមានន័យថា រដ្ឋាភិបាល មិនយកចិត្តទុកដាក់លើកន្លែង ទេសចរណ៍នៅតាមបណ្តាខេត្តផ្សេងទៀតនោះទេ។

សម្តេចបានប្រកាសថា រដ្ឋាភិបាលបានផ្តួចផ្តើមដាក់ចេញកម្មវិធីពិសេសមួយ គឺ“ទស្សនាសៀមរាបឆ្នាំ២០២៤” ដែលនៅក្នុងកម្មវិធីនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមួយចំនួន សំដៅជំរុញឱ្យវិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាប មានសន្ទុះងើបឡើងវិញដូចខាងក្រោម។

ក្រសួងទេសចរណ៍ត្រូវរៀបចំឡើងវិញ និងដាក់ឱ្យដំណើរការក្រុមប្រឹក្សាទេសចរណ៍ ដែលមានការចូលរួមពីស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធ ឱ្យបានឆាប់បំផុត ព្រោះកាលណាយើងដាក់ចេញក្រុមប្រឹក្សាទេសចរណ៍ នោះយើងនឹងអាចដោះស្រាយបញ្ហាប្រឈម ដែលវិស័យឯកជនជួបប្រទះជាប្រចាំថ្ងៃ និងការរៀបចំដាក់ចេញផែន​ការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ និងការចូលរួមដោះស្រាយបញ្ហាប្រឈម។

សម្តេចលើកឡើងថា “ក្រុមប្រឹក្សាទេសចរណ៍ មិនមែនត្រឹមតែជាយន្តការនៅក្នុងការជួបគ្នាប៉ុណ្ណោះទេ ប៉ុន្តែយន្តការនេះនឹងក្លាយជាយន្តការប្រតិបត្តិ ដែលមិនត្រឹមតែគិតគូរ នៅក្នុងការធ្វើផែនការគ្រប់ជ្រុងជ្រោយ ប៉ុន្តែជាយន្តការដែលមានជើងសម្រាប់ដើរទាំងក្នុង និងក្រៅប្រទេស”។ សម្តេចបន្តថា “យើងត្រូវការយន្តការដែលដើរផុតពីក្រដាស ដើម្បីអនុវត្តតាមដានត្រួតពិនិត្យ អញ្ចឹង យើងត្រូវតែរៀបចំជាក្រុមការងារ រៀបចំជាកញ្ចប់ទេសចរណ៍ និងសហការជាមួយស្ថាប័នរដ្ឋ និងក្រៅប្រទេស ដើម្បីដើរគោះទ្វារតែម្តង ដែលមានការចូលរួមពីវិស័យឯកជន និងរដ្ឋាភិបាល ខណៈថវិកាក្នុងវិស័យរដ្ឋ និងឯកជននៅមានកំណត់”។

សម្តេចបានគូសបញ្ជាក់ថា វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នេះបានបង្ហាញនូវភាពបន្ទាន់ និងចាំបាច់នៃរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧ ដែលយើងមានបំណងរៀបចំដំណើរការរួមគ្នា រវាងរាជរដ្ឋបាល និងផ្នែកឯកជនតាំងពីដើមអាណត្តិឱ្យមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុមដើម្បីឈានទៅសម្រេចបាននូវមហិច្ឆតារួម របស់កម្ពុជាគឺចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា វេទិការាជ  រដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាពេលនេះត្រូវបានចាត់ទុកថាជាកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីបើកទូលាយមួយ ហើយវិស័យឯកជនគឺជាដៃគូដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។

សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា សេដ្ឋកិច្ចជាតិនេះគឺពាក់ព័ន្ធទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតែម្ដង។ អញ្ចឹងប្រការនេះមានន័យរាល់សេចក្តីសម្រេចនានានៃវេទិកានេះ នឹងមានអនុភាពជាសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here