ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមទិន្នន័យពីក្រុមហ៊ុន China State Railway Group Co., Ltd. បានបង្ហាញថា ខ្សែផ្លូវរថភ្លើងថ្មីសរុបប្រវែង១.៤០២គីឡូម៉ែត្រ ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅទូទាំងប្រទេសចិនក្នុងរយៈពេល៣ត្រីមាសដំបូង នៃឆ្នាំ២០២៣នេះ ឬស្មើនឹងរយៈពេល៩ខែ។
នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មានរបស់រដ្ឋចិន Xinhua កាលពីពេលថ្មីៗកន្លងទៅនេះ។ ក្នុងចំណោមខ្សែផ្លូវរថភ្លើងថ្មី សរុបប្រវែង១.៤០២គីឡូម៉ែត្រនេះ គេសង្កេតឃើញថា ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានប្រវែង១.២៧៦គីឡូម៉ែត្រ ដែលត្រូវបានដាក់ឱ្យដំណើរការ ។នេះបើតាមក្រុមហ៊ុន China State Railway Group។
-->
បណ្តាគម្រោងធំៗក្នុងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់ប្រទេសចិន បានរីកចម្រើនយ៉ាងលឿនរហ័សបំផុត ក្នុងអំឡុងរយៈពេលខាងលើនេះ។
ជាក់ស្តែង ការវិនិយោគទ្រព្យសកម្មថេរ នៅក្នុងវិស័យផ្លូវដែករបស់ប្រទេសចិន បានកើនឡើង៧,១ភាគរយ ដល់ទំហំទឹកប្រាក់៥០៨,៩ពាន់លានយ័ន (ប្រហែល៧០,៩ពាន់លានដុល្លារអាមេរិក)ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២៣នេះ។
ក្រុមហ៊ុនខាងលើបានអះអាងទៀតថា ប្រទេសចិនគ្រោងនឹងដាក់ឱ្យដំណើរការខ្សែរថភ្លើងថ្មី ដែលមានប្រវែងសរុបជាង៣.០០០គីឡូម៉ែត្រ ក្នុងឆ្នាំនេះ ដែលក្នុងនោះ ខ្សែរថភ្លើងប្រវែង២.៥០០គីឡូម៉ែត្រ គឺជារថភ្លើងល្បឿនលឿន។
កាលពីពេលថ្មីៗនេះ រថភ្លើងដឹកទំនិញចិន-អឺរ៉ុប ដែលផ្ទុកពេញចំណុះ បានធ្វើដំណើរមកដល់ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្បាញ ដែលជារថភ្លើងដំបូងគេ តភ្ជាប់ពីខេត្តសានស៊ីភាគខាងជើង របស់ប្រទេសចិនទៅកាន់ប្រទេសអេស្ប៉ាញ៕