តើមន្ត្រីជាន់ខ្ពស់ អ្នកជំនាញ និងអាជីវករលើកឡើងអ្វីខ្លះពីគុណសម្បត្តិអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ?

0

ដោយ: គង់ លាងហួរ

សៀមរាប:  លោក លី រតនា ដែលជាអាជីវករលក់វត្ថុអនុស្សាវរីយ៍ បង្ហាញសុទិដ្ឋិនិយមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ (SAI) នឹងនាំភ្ញៀវទេសចរអន្តរជាតិ កាន់តែច្រើនមកកាន់ខេត្តសៀមរាប ដែលជាទឹកដីនៃឧទ្យានបុរាណអង្គរ ដែលធ្វើឲ្យអាជីវកម្មរបស់លោកនឹងរីកចម្រើនឡើងវិញ។

អាជីវកររូបនេះ ដែលបានលក់វត្ថុអនុស្សាវរីយ៍ជាច្រើនមុខ នៅផ្សារចាស់ ក្នុងក្រុងសៀមរាប អស់រយៈពេលជាងមួយទស្សវត្សរ៍មកនោះ បានអះអាងថា អាជីវកម្មរបស់គាត់បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ហើយសូម្បីតែពេលនេះចំនួនភ្ញៀវទេសចរណ៍ អន្តរជាតិ មកកាន់ខេត្តសៀមរាប នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងសម័យមុនជំងឺរាតត្បាត។

លោកបានបញ្ជាក់ប្រាប់សារពត៌មានXinhua កាលពីថ្ងៃព្រហ​ស្បតិ៍ថា “ការបើកព្រលានយន្តហោះថ្មីនេះ គឺជាការរំពឹងទុករបស់អ្នកស្រុកខេត្តសៀមរាប ដែលពឹងផ្អែកលើវិស័យទេសចរណ៍” ។

លោកជឿ​ជាក់​ថា ព្រលាន​យន្តហោះ​ថ្មី​នេះ ​មាន​សក្ដានុពល​ខ្លាំង​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍ ​កាន់​តែ​ច្រើនមកកាន់ប្រទេសកម្ពុជា។លោក​បាន​បន្ថែមថា​ “អាកាសយានដ្ឋាន​ថ្មី​នេះ ​ធំ​ជាង​អាកាសយានដ្ឋាន​ចាស់ឆ្ងាយណាស់។ ដូច្នេះ​វាប្រហែល​ជា​នឹង​មាន​ជើងហោះហើរ​ត្រង់​ជាច្រើន​ទៀត​ ដែល​នឹង​នាំ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​មកកាន់ខេត្តសៀមរាប”។

ចំណែកអ្នកនាង លាត ម៉ានីន វ័យ២២ឆ្នាំ ជាបុគ្គលិកនៅហាងលក់វត្ថុអនុស្សាវរីយ៍ Lyly Art Painting ក្នុងទីរួមខេត្តសៀមរាប មានទំនុកចិត្តថា ព្រលានយន្តហោះថ្មីនេះ នឹងនាំមកនូវការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដល់ខេត្តសៀមរាប ជាពិសេសលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។

អ្នកនាងបានប្រាប់ថា “ខ្ញុំសង្ឃឹមថា ព្រលានយន្តហោះថ្មីនេះនឹងទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនមកកាន់ខេត្តសៀមរាប។ ដូច្នេះទេសចរណ៍ និងអាជីវកម្មរបស់យើងនៅទីនេះ នឹងកើនឡើងសារជាថ្មីម្តងទៀត”។អ្នកនាងក៏បានអំពាវនាវ ឱ្យមានការវិលត្រឡប់មកវិញនៃភ្ញៀវទេសចរចិន ដោយអះអាងថា វត្តមានរបស់ភ្ញៀវទេសចរចិន បានរួមចំណែកដល់ការអភិវឌ្ឍន៍ទេសចរណ៍ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។

អ្នកនាងបន្ថែមថា​ “ប្រទេស​កម្ពុជា​មាន​សុវត្ថិភាព​ខ្លាំង ​សម្រាប់​ភ្ញៀវ​ទេសចរ ហើយ​នៅ​ខេត្តសៀមរាប ​មាន​សម្បត្តិ​វប្បធម៌​ជាច្រើន​ ជាពិសេស​គឺប្រាសាទអង្គរវត្ត​ ហើយខ្ញុំ​សូមអំពាវនាវ​ដល់​អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរ​ចិន ​ឲ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា”។

លោក Gong Shuai ជំនួយការអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Angkor International Airport Investment (Cambodia) បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិសៀម​រាបអង្គរ (SAI) មានបុគ្គលិកកម្ពុជាជិត៤០០នាក់។

លោកបានបន្តថា “អាកាសយានដ្ឋានអន្តរជាតិ ដ៏ធំមួយនេះ គ្រោងនឹងបើកផ្លូហោះហើរ អន្តរជាតិចម្ងាយឆ្ងាយបន្ថែមទៀត ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនមកពីប្រទេសចិន និងជុំវិញពិភពលោក ដូច្នេះវានឹងជំរុញការងើបឡើងវិញ នៃឧស្សាហកម្មទេសចរណ៍ និងវិបុលភាពសេដ្ឋកិច្ចរបស់កម្ពុជា”។

ជាមួយគ្នានេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ (SAI) នឹងអាចទទួលអ្នកដំណើរ តាមផ្លូវអាកាស៧លាននាក់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៤ និងរហូតដល់១២លាននាក់ ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤០។

លោក​បាន​បន្ត​ថា​ “វា​នឹង​ផ្តល់​ការ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ ជំរុញ​វិស័យអាកាសចរណ៍ ទេសចរណ៍ និង​ការ​វិនិយោគ និង​រួម​ចំណែក​បន្ថែម​ទៀត ​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅកម្ពុជា”។

លោក​ម៉ៅ ហាវណ្ណាល់ បាន​បន្ថែម​ថា​ “យើង​មាន​ទំនុក​ចិត្ត​ថា​ ព្រលាន​យន្តហោះ​ថ្មី​នេះ ​នឹង​ក្លាយ​ជា​ស្ពាន​តភ្ជាប់​ប្រទេស​កម្ពុជា ​ទៅ​កាន់​ពិភពលោក​ទាំងមូលកាន់តែ​ទូលំទូលាយ”។

រីឯលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានមានប្រសាសន៍ឱ្យដឹងមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) គឺជាការអភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មអាកាសចរណ៍របស់កម្ពុជា។

លោកបានប្រាប់សារពត៌មាន Xinhua ថា “អាកាសយានដ្ឋាននេះ នឹងជួយសម្រួលដល់ការចូល ទៅកាន់ឧទ្យានបុរាណវិទ្យាអង្គរ កែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងសម្រួលពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាផងដែរ”។

លោកបណ្ឌិត គិន ភា បានបន្ថែមថា អាកាសយានដ្ឋាននេះក៏ជួយលើកកម្ពស់កម្រិតជីវភាព បង្កើតការងារ សម្រួលដល់ចលនាមនុស្ស និងទំនិញ ព្រមទាំងផ្តល់លទ្ធភាពទទួលបានការអប់រំ និងថែទាំសុខភាពសម្រាប់ប្រជាជនកម្ពុជា ដែលធ្វើឱ្យវាក្លាយជានិមិត្តរូបនៃវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ក្នុងវិស័យអាកាសចរណ៍ និងទេស​ចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here