ដោយ: គង់ លាងហួរ
សៀមរាប: លោក លី រតនា ដែលជាអាជីវករលក់វត្ថុអនុស្សាវរីយ៍ បង្ហាញសុទិដ្ឋិនិយមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ (SAI) នឹងនាំភ្ញៀវទេសចរអន្តរជាតិ កាន់តែច្រើនមកកាន់ខេត្តសៀមរាប ដែលជាទឹកដីនៃឧទ្យានបុរាណអង្គរ ដែលធ្វើឲ្យអាជីវកម្មរបស់លោកនឹងរីកចម្រើនឡើងវិញ។
អាជីវកររូបនេះ ដែលបានលក់វត្ថុអនុស្សាវរីយ៍ជាច្រើនមុខ នៅផ្សារចាស់ ក្នុងក្រុងសៀមរាប អស់រយៈពេលជាងមួយទស្សវត្សរ៍មកនោះ បានអះអាងថា អាជីវកម្មរបស់គាត់បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ហើយសូម្បីតែពេលនេះចំនួនភ្ញៀវទេសចរណ៍ អន្តរជាតិ មកកាន់ខេត្តសៀមរាប នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងសម័យមុនជំងឺរាតត្បាត។
លោកបានបញ្ជាក់ប្រាប់សារពត៌មានXinhua កាលពីថ្ងៃព្រហស្បតិ៍ថា “ការបើកព្រលានយន្តហោះថ្មីនេះ គឺជាការរំពឹងទុករបស់អ្នកស្រុកខេត្តសៀមរាប ដែលពឹងផ្អែកលើវិស័យទេសចរណ៍” ។
លោកជឿជាក់ថា ព្រលានយន្តហោះថ្មីនេះ មានសក្ដានុពលខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ កាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។លោកបានបន្ថែមថា “អាកាសយានដ្ឋានថ្មីនេះ ធំជាងអាកាសយានដ្ឋានចាស់ឆ្ងាយណាស់។ ដូច្នេះវាប្រហែលជានឹងមានជើងហោះហើរត្រង់ជាច្រើនទៀត ដែលនឹងនាំភ្ញៀវទេសចរកាន់តែច្រើនមកកាន់ខេត្តសៀមរាប”។
ចំណែកអ្នកនាង លាត ម៉ានីន វ័យ២២ឆ្នាំ ជាបុគ្គលិកនៅហាងលក់វត្ថុអនុស្សាវរីយ៍ Lyly Art Painting ក្នុងទីរួមខេត្តសៀមរាប មានទំនុកចិត្តថា ព្រលានយន្តហោះថ្មីនេះ នឹងនាំមកនូវការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដល់ខេត្តសៀមរាប ជាពិសេសលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។
អ្នកនាងបានប្រាប់ថា “ខ្ញុំសង្ឃឹមថា ព្រលានយន្តហោះថ្មីនេះនឹងទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនមកកាន់ខេត្តសៀមរាប។ ដូច្នេះទេសចរណ៍ និងអាជីវកម្មរបស់យើងនៅទីនេះ នឹងកើនឡើងសារជាថ្មីម្តងទៀត”។អ្នកនាងក៏បានអំពាវនាវ ឱ្យមានការវិលត្រឡប់មកវិញនៃភ្ញៀវទេសចរចិន ដោយអះអាងថា វត្តមានរបស់ភ្ញៀវទេសចរចិន បានរួមចំណែកដល់ការអភិវឌ្ឍន៍ទេសចរណ៍ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។
អ្នកនាងបន្ថែមថា “ប្រទេសកម្ពុជាមានសុវត្ថិភាពខ្លាំង សម្រាប់ភ្ញៀវទេសចរ ហើយនៅខេត្តសៀមរាប មានសម្បត្តិវប្បធម៌ជាច្រើន ជាពិសេសគឺប្រាសាទអង្គរវត្ត ហើយខ្ញុំសូមអំពាវនាវដល់អ្នកវិនិយោគ និងភ្ញៀវទេសចរចិន ឲ្យមកទស្សនាប្រទេសកម្ពុជា”។
លោក Gong Shuai ជំនួយការអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Angkor International Airport Investment (Cambodia) បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) មានបុគ្គលិកកម្ពុជាជិត៤០០នាក់។
លោកបានបន្តថា “អាកាសយានដ្ឋានអន្តរជាតិ ដ៏ធំមួយនេះ គ្រោងនឹងបើកផ្លូហោះហើរ អន្តរជាតិចម្ងាយឆ្ងាយបន្ថែមទៀត ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនមកពីប្រទេសចិន និងជុំវិញពិភពលោក ដូច្នេះវានឹងជំរុញការងើបឡើងវិញ នៃឧស្សាហកម្មទេសចរណ៍ និងវិបុលភាពសេដ្ឋកិច្ចរបស់កម្ពុជា”។
ជាមួយគ្នានេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ (SAI) នឹងអាចទទួលអ្នកដំណើរ តាមផ្លូវអាកាស៧លាននាក់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៤ និងរហូតដល់១២លាននាក់ ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤០។
លោកបានបន្តថា “វានឹងផ្តល់ការជំរុញដល់កំណើនសេដ្ឋកិច្ច ជំរុញវិស័យអាកាសចរណ៍ ទេសចរណ៍ និងការវិនិយោគ និងរួមចំណែកបន្ថែមទៀត ដល់ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា”។
លោកម៉ៅ ហាវណ្ណាល់ បានបន្ថែមថា “យើងមានទំនុកចិត្តថា ព្រលានយន្តហោះថ្មីនេះ នឹងក្លាយជាស្ពានតភ្ជាប់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកទាំងមូលកាន់តែទូលំទូលាយ”។
រីឯលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានមានប្រសាសន៍ឱ្យដឹងមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) គឺជាការអភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មអាកាសចរណ៍របស់កម្ពុជា។
លោកបានប្រាប់សារពត៌មាន Xinhua ថា “អាកាសយានដ្ឋាននេះ នឹងជួយសម្រួលដល់ការចូល ទៅកាន់ឧទ្យានបុរាណវិទ្យាអង្គរ កែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងសម្រួលពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាផងដែរ”។
លោកបណ្ឌិត គិន ភា បានបន្ថែមថា អាកាសយានដ្ឋាននេះក៏ជួយលើកកម្ពស់កម្រិតជីវភាព បង្កើតការងារ សម្រួលដល់ចលនាមនុស្ស និងទំនិញ ព្រមទាំងផ្តល់លទ្ធភាពទទួលបានការអប់រំ និងថែទាំសុខភាពសម្រាប់ប្រជាជនកម្ពុជា ដែលធ្វើឱ្យវាក្លាយជានិមិត្តរូបនៃវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍៕