ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានមានប្រសាសន៍ថា ប្រទេសថៃគ្រោងនឹងពន្លឿនការសាងសង់ផ្លូវដែកចិន-ថៃ ដែលជាគម្រោងទ្វេរភាគីស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលស្នើឡើងដោយប្រទេសចិន។
ប្រទេសថៃនឹងបង្កើតប្រព័ន្ធផ្លូវដែកពីទីក្រុងបាងកក ទៅកាន់ខេត្តខុនកែន និងខេត្តណងខៃ ហើយពង្រីកផ្លូវទាំងអស់ទៅកាន់ប្រទេសចិន ដែលស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ នេះបើយោងតាមការលើកឡើងរបស់លោកសេដ្ឋា ថាវីសុីន ក្នុងអំឡុងកិច្ចពិភាក្សាដោយផ្ទាល់ស្តីអំពីអនាគតរបស់ប្រទេសថៃសម្រាប់ឆ្នាំ២០២៤។
លោកសេដ្ឋាធ្លាប់បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារពត៌មាន Xinhuaមុនពេលលោកទៅបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីដើមខែនេះថា “ភស្តុភារគឺជាបញ្ហាសំខាន់មួយសម្រាប់ប្រទេសថៃទាក់ទងនឹងកិច្ចសហប្រតិបត្តិការ BRI ហើយប្រទេសថៃនឹងពង្រឹងការតភ្ជាប់រវាងផ្លូវដែកក្នុងស្រុករបស់ខ្លួន និងផ្លូវដែកចិន-ឡាវ ដែលជាគម្រោងស្ថិតក្រោមគំនិតផ្តួចផ្តើម BRI ដ៏លេចធ្លោមួយនៅក្នុងតំបន់”។





