លោកសេដ្ឋា ថាវីសុីន: រដ្ឋាភិបាលថៃនឹងពន្លឿនការសាងសង់ផ្លូវរថភ្លើងល្បឿនល្បឿនតភ្ជាប់ទីក្រុងបាងកក ទៅកាន់ប្រទេសចិន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានមានប្រសាសន៍ថា ប្រទេសថៃគ្រោងនឹងពន្លឿនការសាងសង់ផ្លូវដែកចិន-ថៃ ដែលជាគម្រោងទ្វេរភាគីស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលស្នើឡើងដោយប្រទេសចិន។

ប្រទេសថៃនឹងបង្កើតប្រព័ន្ធផ្លូវដែកពីទីក្រុងបាងកក ទៅកាន់ខេត្តខុនកែន និងខេត្តណងខៃ ហើយពង្រីកផ្លូវទាំងអស់ទៅកាន់ប្រទេសចិន ដែលស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ នេះបើយោងតាមការលើកឡើងរបស់លោកសេដ្ឋា ថាវីសុីន ក្នុងអំឡុងកិច្ចពិភាក្សាដោយផ្ទាល់ស្តីអំពីអនាគតរបស់ប្រទេសថៃសម្រាប់ឆ្នាំ២០២៤។

លោកសេដ្ឋាធ្លាប់បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារពត៌មាន Xinhuaមុនពេលលោកទៅបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីដើមខែនេះថា “ភស្តុភារគឺជាបញ្ហាសំខាន់មួយសម្រាប់ប្រទេសថៃទាក់ទងនឹងកិច្ចសហប្រតិបត្តិការ BRI ហើយប្រទេសថៃនឹងពង្រឹងការតភ្ជាប់រវាងផ្លូវដែកក្នុងស្រុករបស់ខ្លួន និងផ្លូវដែកចិន-ឡាវ ដែលជាគម្រោងស្ថិតក្រោមគំនិតផ្តួចផ្តើម BRI ដ៏លេចធ្លោមួយនៅក្នុងតំបន់”។

ផ្លូវដែកចិន-ថៃ ដែលជាផ្នែកមួយដ៏សំខាន់នៃបណ្តាញផ្លូវដែកឆ្លងទ្វីបអាស៊ី នឹងក្លាយជាផ្លូវរថភ្លើងល្បឿនលឿនស្តង់ដារដំបូងគេរបស់ប្រទេសថៃ។

កំណាត់ដំបូង នៃផ្លូវរថភ្លើងល្បឿនលឿនខាងលើនេះ នឹងផ្សាភ្ជាប់ពីទីក្រុងបាងកក ទៅកាន់ខេត្តនគររាជសីម៉ា (Nakhon Ratchasima) ដែលមានប្រវែង ២០០គីឡូម៉ែត្រ ហើយសម្រាប់កំណាត់ទី២ គឺផ្សាភ្ជាប់ពីខេត្ត នគររាជសីម៉ា ទៅកាន់ខេត្តណងខៃ (Nong Khai) ជាប់ព្រំដែនប្រទេសឡាវ ដែលមានប្រវែង៣៣០គីឡូម៉ែត្រទៀត។

ចំណែកឯ កំណាត់ខ្សែរថភ្លើងពីខេត្តណងខៃនឹងត្រូវបានតភ្ជាប់បន្តទៅកាន់ផ្លូវដែកឡាវ-ចិន តាមរយៈស្ពានមួយខ្សែដូច្នេះគេអាចធ្វើដំណើរតាមរថភ្លើងពីទីក្រុងបាងកក ដោយឆ្លងកាត់ប្រទេសឡាវទៅកាន់ទីក្រុង Kunming ក្នុងខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here