ដោយ វុត្ថា
ភ្នំពេញ៖ អាករលើតម្លៃបន្ថែម គឺជាអាករកំណត់ទៅលើការចំណាយទិញរបស់អ្នកប្រើប្រាស់ អាករនេះត្រូវប្រមូលពីការប្រកបអាជីវកម្ម និងការនាំចូល។ ការប្រកបអាជីវកម្មភាគច្រើនទាក់ទិនទៅនិងការផ្គត់ផ្គង់ទំនិញឬសេវា។
អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែម និងប្រមូលអាករលើតម្លៃបន្ថែម លើការផ្គត់ផ្គង់ទំនិញឬសេវាឱ្យអតិថិជន។ ទំនិញសំដៅដល់ទ្រព្យរូបីយ ក្រៅពីដីធ្លីនិងប្រាក់កាស រីឯសេវាសំដៅដល់ការផ្តល់អ្វីមួយដែលមានតម្លៃ ក្រៅពីទំនិញ ដីធ្លី និងប្រាក់កាស។
-->
ការផ្គត់ផ្គង់ជាប់អាករសំដៅដល់
• ការផ្គត់ផ្គង់ទំនិញ ឬសេវាដោយបុគ្គលជាប់អាករនៅក្នុងព្រះរាជាណាចក្រកម្ពុជា
• ការដកយកទំនិញមកប្រើប្រាស់ផ្ទាល់ខ្លួនដោយបុគ្គលជាប់អាករ
• ការផ្តល់ជាអំណោយឬការផ្គត់ផ្គង់ក្រោមតម្លៃពិត នូវទំនិញឬសេវាដោយបុគ្គលជាប់អាករ
• ការនាំចូលទំនិញមកក្នុងតំបន់ត្រួតពិនិត្យគយ នៃព្រះរាជាណាចក្រកម្ពុជា
ការផ្គត់ផ្គង់មិនជាប់អាករមានដូចតទៅ
• សេវាប្រៃសណីយ៍សាធារណៈ
• សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្រ្ត និងទន្តសាស្រ្តនិងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្រ្ត និងទន្តសាស្រ្ត ដែលទាក់ទិននិងការបំពេញសេវាទាំងនេះ
• សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ។
• សេវាធានារ៉ាប់រង
• សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
• ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ ក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
• សកម្មភាពមិនស្វែងរកចំណេញ ដើម្បីបំរើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
• ការនាំចូលនិងការទិញទំនិញសម្រាប់ ឬដោយបេសកកម្មទូត និងកុងស៊ុលបរទេសអង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលនានា សម្រាប់យកមកប្រើនៅក្នុងការបំពេញមុខងារជាផ្លូវការរបស់ខ្លួន។
អត្រាអាករលើតម្លៃបន្ថែមមាន
• ១០% សម្រាប់ការនាំចូលឬការផ្គត់ផ្គង់ទំនិញឬសេវាក្នុងព្រះរាជាណាចក្រកម្ពុជា
• ០% សម្រាប់ការនាំចេញ
ការគណនាប្រាក់អាករត្រូវបង់
• ប្រាក់អាករដែលបានបង់នៅពេលនាំចូលទំនិញ ឬប្រាក់អាករដែលបានបង់លើការទិញទំនិញ ឬសេវា សម្រាប់ ប្រកបអាជីវកម្ម ហៅថា ”អាករលើធាតុចូល”។
• ប្រាក់អាករដែលបានគិតយកពីអតិថិជនពីការផ្គត់ផ្គង់ទំនិញ ឬសេវាហៅថា ”អាករលើធាតុចេញ”។
• ប្រាក់អាករត្រូវបង់ = អាករលើធាតុចេញ - អាករលើធាតុចូល
អាករលើធាតុចូលដែលមិនអាចកាត់កងបាន
អាករលើធាតុចូល ដែលមិនអាចកាត់កងបាន រួមមាន ប្រាក់អាករដែលបានបង់លើ៖
• ចំណាយទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ លើកលែងតែបុគ្គលជាប់អាករមានអាជីវកម្មជាអ្នកផ្គត់ផ្គង់ ការទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ។
• ការទិញឬការនាំចូលរថយន្ត លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្ម ជាអ្នកលក់ ឬជួលរថយន្ត។
• ការទិញឬការនាំចូលផលិតផលតេលសិលាមួយចំនួន លើកលែងតែបុគ្គលជាប់អាករប្រកបអាជីវកម្មជាអ្នកផ្គត់ផ្គង់ ផលិតផលតេលសិលាទាំងនោះ។
អ្នកជាប់ពន្ធដែលធ្វើការផ្គត់ផ្គង់ជាប់អាករនូវទំនិញ ឬសេវា ត្រូវទទួលខុសត្រូវក្នុងការបង់ប្រាក់អាករជូនរដ្ឋបាលសារ ពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលមានការផ្គត់ផ្គង់៕