ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានជំរុញឲ្យអាជ្ញាធរក្រុងរៀបចំទីក្រុងឲ្យមានភាពស្អាត បៃតង និងសមស្របជាទីក្រុងឆ្លាតវៃ (Smart City)។
នៅក្នុងសារលិខិតរបស់សម្តេចតេជោដែលមានកម្រាស់ ៣ទំព័រ ផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសទិវាទីក្រុងស្អាត នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩បានបញ្ជាក់ថា ឆ្នាំនេះ គឺជាឆ្នាំទី៧ ដែលប្រទេសកម្ពុជាប្ររព្វទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ”។
-->
តាមរយៈប្រធានបទនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថាប្រជាពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់រស់នៅក្នុងទីក្រុង ប្រកបដោយភាពវៃឆ្លាត និងមាន “ភាពស្អាត និងបៃតង” យកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាត់ មានការធានាសន្តិសុខ សុវត្ថិភាពពេញលេញ មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានការផ្តល់សេវាសាធារណៈប្រកបដោយសណ្ឋារកិច្ចល្អ ពោលគឺជាទីកន្លែងដែលអាចផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រកដសម្រាប់ការរស់នៅរបស់ពួកគេ។
ដូចគ្នានេះដែរ ភ្ញៀវទេសចរក៏រីករាយទស្សនា និងចង់បានទីក្រុងដែលជាផ្នែកមួយនៃគោលដៅទេសចរណ៍របស់ពួកគេជាទីក្រុងដ៏ល្អស្អាត មានការយចិត្តទុកដាក់អំពីភាពស្អាត និងបៃតង អនាម័យល្អ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមគ្រប់មធ្យោបាយ មានការធានាសន្តិសុខសុវត្ថិភាពពេលលេញ សណ្តាប់ធ្នាប់ល្អ មានការផ្តល់នូវបដិសណ្ឋារកិច្ចល្អ មានសម្បទាផលិតផល និងសេវាទេសចរណ៍ប្រកដោយគុណភាព។ ទាំងនេះ សុទ្ធតែសុទ្ធសឹង តែជាកត្តាកំណត់ក្នុងការសម្រេចចិត្តជ្រើសរើស គោលដៅសម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនាពេលបច្ចុប្បន្ន។
សារលិខិតដដែលបានបន្តថា ក្នុងន័យនេះទីក្រុងដែលគួរឲ្យចង់រស់នៅ និងគួរឲ្យចង់មកទស្សនាកម្សាន្តត្រូវត្រូវតែជាទីក្រុងវៃឆ្លាត និងទីក្រុងបៃតង/ទីក្រុងស្អាត ជាទីក្រុងដែលមានបរិស្ថាន អនាម័យ សណ្តាប់ធ្នាក់ល្អ គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់គ្រប់គ្រាន់ដែលផ្តល់នូវភាពកក់ក្តៅ និងមជ្ឈដ្ឋានរស់នៅល្អប្រសើដល់ប្រជាជនក្នុងទីក្រុង និងទេសចរ៕


