ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េ បានបង្ហាញថា ជនបរទេសជាង៨៥.០០០នាក់ បានកាន់កាប់ផ្ទះនៅប្រទេសកូរ៉េខាងត្បូង ដោយជនជាតិចិន បានកាន់កាប់ជាងពាក់កណ្តាល នៃចំនួនផ្ទះសរុប ក្នុងចំណោមជនបរទេសផ្សេងទៀត។
យោងតាមទិន្នន័យដែលចងក្រងឡើង ដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានឱ្យដឹងថា ជនជាតិបរទេសសរុបចំនួន៨៥.៣៥៨នាក់ បានកាន់កាប់ផ្ទះនៅប្រទេសកូរ៉េខាងត្បូង គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣នេះ ដោយកើនឡើង៤,៦ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។តាមទិន្នន័យពីប្រភពខាងលើបានបង្ហាញទៀតថា ជិត៩៣,៥ភាគរយនៃជនបរទេសសរុប មានកម្មសិទ្ធិលើផ្ទះតែមួយគត់នៅប្រទេសកូរ៉េខាងត្បូង ខណៈដែល៥,២ភាគរយ នៃជនបរទេសកាន់កាប់ផ្ទះចំនួន២។
បណ្តាជនបរទេសទាំងនោះ បានកាន់កាប់ផ្ទះសរុបចំនួន៨៧.២២៣ខ្នង ដែលស្មើនឹង០,៤៦ភាគរយ នៃចំនួនផ្ទះទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
ក្នុងចំណោមផ្ទះសរុបចំនួន៨៧.២២៣ខ្នង ក្នុងនោះ ជនជាតិចិនមានផ្ទះចំនួន៤៧.៣២៧ខ្នង ឬ៥៤,៣ភាគរយ ខណៈដែលជនជាតិអាមេរិកមានផ្ទះចំនួន២០.៤៦៩ខ្នង ឬ២៣,៥ភាគរយ ជនជាតិកាណាដាមានផ្ទះចំនួន៥.៩៥៩ខ្នង ឬ៦,៨ភាគរយ និងជនជាតិតៃវ៉ាន់មានផ្ទះចំនួន៣.២៨៦ខ្នង ឬ៣,៨ភាគរយ។
ជាង៧៣ភាគរយនៃផ្ទះសរុប ដែលកាន់កាប់ដោយជនបរទេសមានទីតាំង នៅក្នុងតំបន់ទីក្រុងសេអ៊ូល ដោយក្នុងនោះ៣៨ភាគរយនៅក្នុងខេត្ត Gyeonggi ២៥,៦ភាគរយនៅទីក្រុងសេអ៊ូល និង៩,៧ភាគរយនៅទីក្រុងអ៊ីនឈុន។
ក្រសួងដែនដីកូរ៉េខាងត្បូងបានអះអាងថា ខ្លួននឹងពិនិត្យឲ្យបានហ្មត់ចត់ លើការជួញដូរអចលនទ្រព្យរបស់ជនបរទេស ក្នុងប្រទេសរបស់ខ្លួន ដើម្បីបង្ក្រាបករណីទិញដីធ្លីទុកលក់ចំណេញ៕Yonhap៕