ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េ បានបង្ហាញថា ជនបរទេសជាង៨៥.០០០នាក់ បានកាន់កាប់ផ្ទះនៅប្រទេសកូរ៉េខាងត្បូង ដោយជនជាតិចិន បានកាន់កាប់ជាងពាក់កណ្តាល នៃចំនួនផ្ទះសរុប ក្នុងចំណោមជនបរទេសផ្សេងទៀត។
យោងតាមទិន្នន័យដែលចងក្រងឡើង ដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានឱ្យដឹងថា ជនជាតិបរទេសសរុបចំនួន៨៥.៣៥៨នាក់ បានកាន់កាប់ផ្ទះនៅប្រទេសកូរ៉េខាងត្បូង គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៣នេះ ដោយកើនឡើង៤,៦ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
តាមទិន្នន័យពីប្រភពខាងលើបានបង្ហាញទៀតថា ជិត៩៣,៥ភាគរយនៃជនបរទេសសរុប មានកម្មសិទ្ធិលើផ្ទះតែមួយគត់នៅប្រទេសកូរ៉េខាងត្បូង ខណៈដែល៥,២ភាគរយ នៃជនបរទេសកាន់កាប់ផ្ទះចំនួន២។
-->
បណ្តាជនបរទេសទាំងនោះ បានកាន់កាប់ផ្ទះសរុបចំនួន៨៧.២២៣ខ្នង ដែលស្មើនឹង០,៤៦ភាគរយ នៃចំនួនផ្ទះទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
ក្នុងចំណោមផ្ទះសរុបចំនួន៨៧.២២៣ខ្នង ក្នុងនោះ ជនជាតិចិនមានផ្ទះចំនួន៤៧.៣២៧ខ្នង ឬ៥៤,៣ភាគរយ ខណៈដែលជនជាតិអាមេរិកមានផ្ទះចំនួន២០.៤៦៩ខ្នង ឬ២៣,៥ភាគរយ ជនជាតិកាណាដាមានផ្ទះចំនួន៥.៩៥៩ខ្នង ឬ៦,៨ភាគរយ និងជនជាតិតៃវ៉ាន់មានផ្ទះចំនួន៣.២៨៦ខ្នង ឬ៣,៨ភាគរយ។
ជាង៧៣ភាគរយនៃផ្ទះសរុប ដែលកាន់កាប់ដោយជនបរទេសមានទីតាំង នៅក្នុងតំបន់ទីក្រុងសេអ៊ូល ដោយក្នុងនោះ៣៨ភាគរយនៅក្នុងខេត្ត Gyeonggi ២៥,៦ភាគរយនៅទីក្រុងសេអ៊ូល និង៩,៧ភាគរយនៅទីក្រុងអ៊ីនឈុន។
ក្រសួងដែនដីកូរ៉េខាងត្បូងបានអះអាងថា ខ្លួននឹងពិនិត្យឲ្យបានហ្មត់ចត់ លើការជួញដូរអចលនទ្រព្យរបស់ជនបរទេស ក្នុងប្រទេសរបស់ខ្លួន ដើម្បីបង្ក្រាបករណីទិញដីធ្លីទុកលក់ចំណេញ៕Yonhap៕