ដោយ គង់ សូរិយា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអះអាងថា ច្បាប់វិនិយោគកម្ពុជាមានភាពប្រទាក់ក្រឡា និងទាក់ទាញគ្រប់ជ្រុងជ្រោយ ជាពិសេសកម្ពុជាអនុវត្តន៍ច្បាប់វិនិយោគមានលក្ខណៈទូលាយជាងបណ្តាប្រទេសមួយចំនួន។
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីជាធាតុចូលពីតំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និង ក្រុមហ៊ុនប្រឹក្សាច្បាប់ នៅក្នុងដើមសប្តាហ៍នេះថា ការបង្កើតច្បាប់វិនិយោគនៅកម្ពុជាជាលើកដំបូង គឺ ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី១ នៅឆ្នាំ ១៩៩៣ គឺបានអនុម័តនិងបានដាក់ឲ្យអនុវត្តន៍នៅឆ្នាំ១៩៩៤ បន្ទាប់មកបានធ្វើវិសោធនកម្មនៅឆ្នាំ២០០៣ ដើ ម្បីធ្វើឡើងឲ្យស្របទៅតាមការវិវត្តន៍ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចរបស់កម្ពុជានាពេលនោះ។
លោកបន្តថា ដោយមានការខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ កម្ពុជាត្រូវតែមានច្បាប់វិនិយោគមួយដែលមានភាពប្រទាក់ទាញគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈប្រកួតប្រជែងខ្ពស់មិនអាចខ្វះបាន។






