ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសដាក់ទិសដៅឆ្នាំ២០១៩ នេះ ការអភិវឌ្ឍនិងវិយោគផ្សេងៗពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់បណ្តាលខេត្តនានានៅទូទាំងប្រទេសកម្ពុជា។
ក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាលនៅថ្ងៃទី ២០ ខែកុម្ភៈនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងសម្តែងមោទនភាពយ៉ាងខ្លាំង ចំពោះភាពរីកចម្រើននៃវិស័យឧស្សាហកម្មកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលរាជរដ្ឋាភិបាលកំពុង តែជំរុញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សម្តេចតេជោបន្តថា “ឆ្នាំនេះ ជាឆ្នាំដែលរាជរដ្ឋាភិបាល កំពុងតែតម្រង់ទិសការអភិវឌ្ឍ និងវិនិយោគផ្សេងៗពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់បណ្តាលខេត្តនានា ដែលទាំងនេះ គឺទាមទាឲ្យយើងកសាងនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាឲ្យបានច្រើន ដូចជាផ្លូវតភ្ជាប់ជាដើម”។
សម្តេចបន្តថា “ជាក់ស្តែងដូចជាផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ដែលពេលនេះមានរោងចក្រ និងសហគ្រាកើនឡើងជាច្រើនសន្ធឹកសន្ធាប់ ដែលបានផ្តល់ការងារយ៉ាងច្រើនដល់កូនក្មួយកម្មករ កម្មការិនីរបស់យើង”។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ផងដែរថា កម្ពុជាមិនពឹងផ្អែកតែវិស័យកសិកម្មមួយមុខនោះទេ យើងត្រូវពឹងផ្អែកលើវិស័យផ្សេងៗសំខាន់ៗ ជាច្រើនទៀតដូចជា វិស័យឧស្សាហកម្ម សេវាកម្មទេសចរណ៍ និងកសិឧស្សាហកម្មដែលមានការកែឆ្នៃផលិតផលកសិកម្មផ្សេងៗក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕