ដោយៈ គង់ សូរិយា
សៀមរាបៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស “តំបន់រុនតាឯក” ជាទីក្រុងថ្មី និងជាទីក្រុងគំរូមួយនៅខេត្តសៀមរាប។
សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី៨ ធ្នូនេះថា សម្តេចតេជោធ្លាប់បានប្រកាស យកតំបន់រុនតាឯកជាទីក្រុង អញ្ចឹងធ្វើតែម្តងទៅ ព្រោះតំបន់នេះមានសុទ្ឋតែថ្នល់កៅស៊ូ មានទឹកស្អាត ភ្លើង មានប្រជាពលរដ្ឋ និងបន្តិចទៀតមានប្រជាពលរដ្ឋ មករស់នៅជាង៦០០០គ្រួសារហើយ។ សម្តេចបន្តថា “អញ្ចឹងក្រសួងមហាផ្ទៃរៀបចំ និងអាជ្ញាធរមូលដ្ឋានត្រូវរៀបចំបំពេញលក្ខខ័ណ្ឌ ចឹងកុំថាខេត្តសៀមរាបមានក្រុងច្រើន ខេត្តកណ្តាលក៏មានក្រុងចំនួន៣ ខេត្តកំពង់ស្ពឺមានក្រុង២”។ សម្តេចបន្តទៀតថា “ស្អាតប៉ុណ្ណឹងដែរ បងប្អូនប្រជាពលរដ្ឋមានអីទៀត”។
សម្តេចធិបតីហ៊ុន ម៉ាណែតបានរំលឹកថា “ខ្ញុំឃើញប្លង់ដំបូង ខ្ញុំមានការភ្ញាក់ផ្អើល ព្រោះប្លង់បែបនេះបើនៅស្រុកគេ គឺលំដាប់Resortផ្កាយ៥ អញ្ចឹងរៀបចំនៅទីនេះឲ្យបានស្អាត និងជាទីក្រុងគំរូតែម្តង”។ សម្តេចបន្តថា “ឥលូវមានដី មានដើមឈើ និងបន្តិចទៀតមានផ្ទះបណ្តើរៗ ដែលផ្ទះនឹងរីកបន្តិចម្តងៗ។ ជាទីក្រុងកើតក្រោយគេ នៅខេត្តសៀមរាប តែហេដ្ឋារចនាសម្ព័ន្ឋមិនចាញ់គេនោះទេ”៕