ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យ បានសម្តែងសុទិដ្ឋិនិយមពីការងើបឡើងវិញ សម្រាប់វិស័យអចលនទ្រព្យ នៅឆ្នាំ២០២៤ខាងមុខ ខណៈសញ្ញាវិជ្ជមានមួយចំនួន បានចាប់ផ្តើមបង្ហាញភាពល្អប្រសើរមួយចំនួន។
ជាមួយនឹងការបន្តមិនយកពន្ឋលើលំនៅដ្ឋាន ដែលមានតម្លៃចាប់ពី៧០,០០០ដុល្លារចុះ ពីរដ្ឋាភិបាលនៅឆ្នាំ២០២៤ ការអនុវត្តច្បាប់បរធនបាលកិច្ច ដែលអនុញ្ញាត្តឲ្យជនបរទេសទិញលំនៅដ្ឋានបានជាមួយកិច្ចសន្យា ក្នុងពេលវេលាជាក់លាក់ណាមួយ និងការកើនឡើងវិញនៃវិស័យទេសចរណ៍ នឹងធ្វើឲ្យវិស័យនេះមានភាពរីកចម្រើនក្នុងកម្រិតមួយសមល្មម។
អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd លោកស្រីតាំង ហួរបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី១០ ធ្នូថា មានព័ត៌មានជាវិជ្ជមានមួយចំនួន ដែលបាននិងកំពុងធ្វើឲ្យអ្នកនៅក្នុងវិស័យនេះរីករាយ ដោយធនាគារជាច្រើននឹងបើកឥណទាន សម្រាប់ វិស័យសំណង់ និងអចលនទ្រព្យឡើងវិញ។លោកស្រីបន្តថា “ការរីកចម្រើនវិស័យទេសចរណ៍ អាចនឹងមានភាពល្អប្រសើរនៅឆ្នាំខាងមុខ បន្ទាប់ពីការបើកដំណើរការព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរ ដែលបានទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗអាចចុះចតបាន”។
លោកស្រីបន្តថា ការមកដល់របស់ភ្ញៀវទេសចរណ៍ នឹងធ្វើឲ្យមានលំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច ហើយសេដ្ឋកិច្ចនឹងងើបឡើង ដែលនឹងធ្វើឲ្យមានលំហូរសាច់ ប្រាក់មកក្នុងវិស័យអចលនទ្រព្យផងដែរ។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានលើកឡើងផងដែរថា វិបត្តិសេដ្ឋកិច្ចសកលរយៈពេល៤ឆ្នាំ បានបង្រៀនមនុស្ស ពិសេសម្ចាស់អាជីវកម្ម និងក្រុមហ៊ុននានា ចេះអត់ធ្មត់ និងចេះគ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវ ដើម្បីឆ្លងផុតដំណាក់កាលដ៏លំបាក តាំងពីវិបត្តិកូវីដ-១៩ រហូតដល់មានវិបត្តិសង្គ្រាមរ៉ាំរ៉ៃ នាពេលបច្ចុប្បន្ន។លោកឧកញ៉ាបណ្ឌិតបានបញ្ជាក់ថា មេរៀនដែលយើងបានឆ្លងកាត់ ហើយយើងកំពុងតែឆ្លងកាត់ ទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចសកល សង្គ្រាមសកល តាំងពីឆ្នាំ២០២០ ដល់ចុងឆ្នាំ២០២៣ បានបង្រៀនមនុស្សយើងលើចំណុចជាច្រើន ដូចជា ទី១-ត្រូវមានភាពអត់ធ្មត់ ព្រោះមានតែការអត់ធ្មត់ទេ ទើបអាចឲ្យយើងឆ្លងកាត់រឿងលំបាកជាច្រើន និងទី២ ធ្វើឲ្យយើងចេះគ្រប់គ្រងហិរញ្ញវត្ថុ ឬការប្រើប្រាស់លុយ។
លោកពន្យល់បន្ថែមថា យើងបានឆ្លងកាត់ដំណាក់កាលទី១ គឺពិបាករកលុយ ទី២-ពិបាកក្នុងការប្រើប្រាស់លុយ ឬគ្រប់គ្រងលុយ ។
លោកឧកញ៉ាបណ្ឌិតបានបន្តថា “ខ្ញុំមើលឃើញ អ្នករកស៊ីភាគច្រើនដែលបរាជ័យ ព្រោះគាត់ប្រើប្រាស់លុយមិនចំគោលដៅ”។លោកបន្ថែមថា “គ្រប់បណ្ដាក្រុមហ៊ុន ឬអាជីវកម្មធំៗ មិនថាក្រុមហ៊ុនអចលនាទ្រព្យ ឬក្រុមអភិវឌ្ឍន៍លំនៅដ្ឋានទេ អ្នកដែលនៅឈររឹងមាំបាន គឺជាអ្នកដែលពូកែរកលុយផង ហើយពូកែគ្រប់គ្រង និងប្រើប្រាស់លុយឲ្យចំគោលដៅផង”។
ជាមួយគ្នានេះ លោក Edward Ivory ប្រធានសាខា KW ខេត្តកំពតបានមានប្រសាសន៍ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រប់បណ្ដាប្រទេស សុទ្ធតែទទួលរងផលប៉ះពាល់ តែលោកមានសុទិដ្ឋិនិយម ចំពោះប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ ពិសេសនៅពាក់កណ្ដាលឆ្នាំ២០២៤ ខាងមុខ។ទោះជាយ៉ាងណាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករណ៍កាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនប្រមាណ៦,១ភាគរយក្នុងឆ្នាំ២០២៤ ជាមួយការងើបឡើងវិញនៃវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម កម្មន្តសាល ខណៈវិស័យអចលទ្រព្យនឹងនៅតែបន្តរក្សាបានកំណើនយឺតដដែល៕