ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យ បានសម្តែងសុទិដ្ឋិនិយមពីការងើបឡើងវិញ សម្រាប់វិស័យអចលនទ្រព្យ នៅឆ្នាំ២០២៤ខាងមុខ ខណៈសញ្ញាវិជ្ជមានមួយចំនួន បានចាប់ផ្តើមបង្ហាញភាពល្អប្រសើរមួយចំនួន។
ជាមួយនឹងការបន្តមិនយកពន្ឋលើលំនៅដ្ឋាន ដែលមានតម្លៃចាប់ពី៧០,០០០ដុល្លារចុះ ពីរដ្ឋាភិបាលនៅឆ្នាំ២០២៤ ការអនុវត្តច្បាប់បរធនបាលកិច្ច ដែលអនុញ្ញាត្តឲ្យជនបរទេសទិញលំនៅដ្ឋានបានជាមួយកិច្ចសន្យា ក្នុងពេលវេលាជាក់លាក់ណាមួយ និងការកើនឡើងវិញនៃវិស័យទេសចរណ៍ នឹងធ្វើឲ្យវិស័យនេះមានភាពរីកចម្រើនក្នុងកម្រិតមួយសមល្មម។
-->
អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd លោកស្រីតាំង ហួរបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី១០ ធ្នូថា មានព័ត៌មានជាវិជ្ជមានមួយចំនួន ដែលបាននិងកំពុងធ្វើឲ្យអ្នកនៅក្នុងវិស័យនេះរីករាយ ដោយធនាគារជាច្រើននឹងបើកឥណទាន សម្រាប់ វិស័យសំណង់ និងអចលនទ្រព្យឡើងវិញ។
លោកស្រីបន្តថា “ការរីកចម្រើនវិស័យទេសចរណ៍ អាចនឹងមានភាពល្អប្រសើរនៅឆ្នាំខាងមុខ បន្ទាប់ពីការបើកដំណើរការព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរ ដែលបានទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗអាចចុះចតបាន”។
លោកស្រីបន្តថា ការមកដល់របស់ភ្ញៀវទេសចរណ៍ នឹងធ្វើឲ្យមានលំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច ហើយសេដ្ឋកិច្ចនឹងងើបឡើង ដែលនឹងធ្វើឲ្យមានលំហូរសាច់ ប្រាក់មកក្នុងវិស័យអចលនទ្រព្យផងដែរ។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានលើកឡើងផងដែរថា វិបត្តិសេដ្ឋកិច្ចសកលរយៈពេល៤ឆ្នាំ បានបង្រៀនមនុស្ស ពិសេសម្ចាស់អាជីវកម្ម និងក្រុមហ៊ុននានា ចេះអត់ធ្មត់ និងចេះគ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវ ដើម្បីឆ្លងផុតដំណាក់កាលដ៏លំបាក តាំងពីវិបត្តិកូវីដ-១៩ រហូតដល់មានវិបត្តិសង្គ្រាមរ៉ាំរ៉ៃ នាពេលបច្ចុប្បន្ន។
លោកឧកញ៉ាបណ្ឌិតបានបញ្ជាក់ថា មេរៀនដែលយើងបានឆ្លងកាត់ ហើយយើងកំពុងតែឆ្លងកាត់ ទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចសកល សង្គ្រាមសកល តាំងពីឆ្នាំ២០២០ ដល់ចុងឆ្នាំ២០២៣ បានបង្រៀនមនុស្សយើងលើចំណុចជាច្រើន ដូចជា ទី១-ត្រូវមានភាពអត់ធ្មត់ ព្រោះមានតែការអត់ធ្មត់ទេ ទើបអាចឲ្យយើងឆ្លងកាត់រឿងលំបាកជាច្រើន និងទី២ ធ្វើឲ្យយើងចេះគ្រប់គ្រងហិរញ្ញវត្ថុ ឬការប្រើប្រាស់លុយ។
លោកពន្យល់បន្ថែមថា យើងបានឆ្លងកាត់ដំណាក់កាលទី១ គឺពិបាករកលុយ ទី២-ពិបាកក្នុងការប្រើប្រាស់លុយ ឬគ្រប់គ្រងលុយ ។
លោកឧកញ៉ាបណ្ឌិតបានបន្តថា “ខ្ញុំមើលឃើញ អ្នករកស៊ីភាគច្រើនដែលបរាជ័យ ព្រោះគាត់ប្រើប្រាស់លុយមិនចំគោលដៅ”។លោកបន្ថែមថា “គ្រប់បណ្ដាក្រុមហ៊ុន ឬអាជីវកម្មធំៗ មិនថាក្រុមហ៊ុនអចលនាទ្រព្យ ឬក្រុមអភិវឌ្ឍន៍លំនៅដ្ឋានទេ អ្នកដែលនៅឈររឹងមាំបាន គឺជាអ្នកដែលពូកែរកលុយផង ហើយពូកែគ្រប់គ្រង និងប្រើប្រាស់លុយឲ្យចំគោលដៅផង”។
ជាមួយគ្នានេះ លោក Edward Ivory ប្រធានសាខា KW ខេត្តកំពតបានមានប្រសាសន៍ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រប់បណ្ដាប្រទេស សុទ្ធតែទទួលរងផលប៉ះពាល់ តែលោកមានសុទិដ្ឋិនិយម ចំពោះប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ ពិសេសនៅពាក់កណ្ដាលឆ្នាំ២០២៤ ខាងមុខ។
ទោះជាយ៉ាងណាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករណ៍កាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនប្រមាណ៦,១ភាគរយក្នុងឆ្នាំ២០២៤ ជាមួយការងើបឡើងវិញនៃវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម កម្មន្តសាល ខណៈវិស័យអចលទ្រព្យនឹងនៅតែបន្តរក្សាបានកំណើនយឺតដដែល៕