ដំណឹងល្អៈធនាគារកាន់តែច្រើននឹងបញ្ចេញឥណទានដើម្បីជួយជម្រុញទីផ្សារអចលនទ្រព្យឡើងវិញ

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ជាដំណឹងរីករាយមួយ ដែលធនាគារជាច្រើននឹងបញ្ចេ​ញឥណទាន ដើម្បីជម្រុញវិស័យអចលនទ្រព្យឡើងវិញ ខណៈឆ្នាំ២០២៣ ធនាគារមួយចំនួនបានបិទឥណទានសម្រាប់វិស័យនេះ។

ក្រុមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានសម្តែងសុទិដ្ឋិនិយមលើដំណឹងល្អមួយនេះ។
អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdលោកស្រីតាំង ហួរ បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី១០ ធ្នូកន្លង​មកថា វិស័យអចលនទ្រព្យនឹងមានសកម្មភាពឡើងវិញ ដោយយោងលើមតិរបស់ប្រជាពលរដ្ឋ និងអ្នកជំនាញទូទៅ ដែលគិតថាវិស័យអចលនទ្រព្យឆ្នាំ២០២៤ នឹងល្អប្រសើរជាងឆ្នាំនេះ។លោកស្រីបន្តថា “ប្រជាពលរដ្ឋរស់នៅបានសាំនឹងជម្ងឺកូវីដ និងសង្រ្គាមលើពិភពលោកហើយ ដោយពួកគេមិនមានអារម្មណ៍ភិតភ័យអ្វីច្រើនទៀតនោះទេ”។

លោកស្រីតាំង ហួរបានបន្តថា ធនាគារនានានៅកម្ពុជា នឹងបញ្ចេញឥណទានឡើងវិញ នៅឆ្នាំ២០២៤ខាងមុខនេះ ប៉ុន្តែអត្រាការ​ប្រាក់កើនឡើងឬថយចុះ យើងមិនទាន់ដឹងនៅឡើយទេ ព្រោះកាលពីឆ្នាំ២០២៣ ធនាគារជាច្រើនបានបិទឥណទានសម្រាប់វិស័យនេះ ដែ​លធ្វើឲ្យទីផ្សារអចលនទ្រព្យមានបញ្ហា និងចរន្តសេដ្ឋកិច្ចមិនសូវមាន​ដំណើរការល្អប្រសើរ។លោកស្រីបន្តថា “ការមិនបញ្ចេញឥណទានរបស់ធនាគារ ធ្វើឲ្យទីផ្សារអចលនទ្រព្យមានបញ្ហា ហេតុនេះបើធនាគារបញ្ចេញឥណទាន​សម្រាប់ឆ្នាំ២០២៤ នឹងធ្វើឲ្យចរន្តសេដ្ឋកិច្ចប្រសើរឡើង និងធ្វើឲ្យការទិញលក់អចលនទ្រព្យ មានសកម្មភាពឡើងវិញផងដែរ”។លោកស្រីតាំង ហួរបានបន្តទៀតថា បើទោះជាស្ថានភាពនេះ មិនធ្វើឲ្យអចលនទ្រព្យឡើងថ្លៃខ្ពស់វិញក្តី តែវានឹងមានដំណើរការសន្សឹមៗ ដែលមានភាពល្អប្រសើរជាង២០២៤។

បន្ទរបន្ថែមទៀតលើបញ្ហានេះ លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុនCentury 21 Mekongបានមានប្រសាសន៍ឲ្យដឹងផងដែរថា បើរាជរដ្ឋាភិបាល បានទម្លាក់កញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៤ ដើម្បីជួយដល់វិស័យនេះ ជាពិសេសជួយរៀបចំរចនាសម្ព័ន្ឋ និងកែទម្រង់លើការផ្តល់ឥណទាន​មួយចំនួន នឹងធ្វើឲ្យវិស័យនេះមានសកម្មភាពបន្តិចម្តងៗមិនខាន។លោកបន្តថា “បច្ចុប្បន្នវិស័យនេះមានសភាពស្ងប់ស្ងាត់ អញ្ចឹងបើមានយន្តការក្នុងការបន្ឋូរបន្ថយ ក្នុងការផ្តល់ឥណទានកាន់តែច្រើន នឹងជួយស្រោចស្រង់ និងធ្វើឲ្យវិស័យនេះកាន់តែរីកចម្រើន”។លោកបន្តថា “ការជួយពីរាជរដ្ឋាភិបាលជារឿងចាំបាច់ និងសំខាន់បំផុតក្នុងកាលៈទេសៈដ៏លំបាកនេះ”។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ធនាគារអេស៊ីលីដានឹងបន្តគាំទ្រវិស័យនេះ ដោយសារវិស័យនេះ ជាកំលាំងចលករជម្រុញកំនើនសេដ្ឋកិច្ចមួយធំ ដែលបច្ចុប្ប​ន្នធនាគារនៅតែផ្តល់ឥណទាន និងបន្តផ្តល់ឥណទានសម្រាប់ឆ្នាំ២០២៤ ប៉ុន្តែការផ្តល់កម្រិតណា អាស្រ័​យលើការវាយតម្លៃជាក់ស្តែងរបស់អាជីវកម្មនោះ។លោកបន្តថា “អ្វីសំខាន់ គឺយើងធ្វើការវាយតម្លៃតាមស្ថានភាពជាក់ស្តែងរបស់អ្នកអភិវឌ្ឍន៍ និងម្ចាស់អាជីវកម្មក្នុងវិស័យអចលនទ្រព្យជាក់ស្តែង”។

ជាមួយគ្នានេះ អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាម្ចាស់ធនាគារធំមួយនៅកម្ពុជាផងដែរនោះបានមានប្រសាសន៍ថា ធនាគាររបស់លោក នៅតែបន្តផ្តល់ឥណទានដល់វិស័យនេះ ដោយមិនមានការបិទឥណទាននោះទេ។ អ្នកឧកញ៉ាបានបន្តថា ជាគោលការណ៍ពីធនាគារជាតិនៃកម្ពុជា គឺមិនតម្រូវឲ្យធនា​គារបិទ ឬុមិនផ្តល់ឥណទាន សម្រាប់វិស័យអចលនទ្រព្យនោះទេ។អ្នកឧកញ៉ាបានបន្តថា “បើសួរថាតើនឹងមានការបញ្ចេញឥណទា​នក្នុងកម្រិតណានៅឆ្នាំ២០២៤ យើងមិនអាចកំណត់បានទេ វាអាស្រ័​យតាមគោលនយោបាយផ្ទៃក្នុងរបស់ធនាគារនិមួយៗ”។

ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុជាច្រើន បានបិទនិងខ្លះទៀតបានរឹតបន្តឹងលើឥណទាន សម្រាប់វិស័យអចលនទ្រព្យ ចាប់តាំងពីឆ្នាំ២០២០មក ជាមូលហេតុមួយ ក្នុងចំណោមមូលហេតុចម្បងនានា ដែលធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យមានសភាពមិនច្បាស់​លាស់ និងកំណើនយឺតយ៉ាវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here