ដោយៈ ជេស៊ីកា
ភ្នំពេញៈ ជាដំណឹងរីករាយមួយ ដែលធនាគារជាច្រើននឹងបញ្ចេញឥណទាន ដើម្បីជម្រុញវិស័យអចលនទ្រព្យឡើងវិញ ខណៈឆ្នាំ២០២៣ ធនាគារមួយចំនួនបានបិទឥណទានសម្រាប់វិស័យនេះ។
ក្រុមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានសម្តែងសុទិដ្ឋិនិយមលើដំណឹងល្អមួយនេះ។
អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdលោកស្រីតាំង ហួរ បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី១០ ធ្នូកន្លងមកថា វិស័យអចលនទ្រព្យនឹងមានសកម្មភាពឡើងវិញ ដោយយោងលើមតិរបស់ប្រជាពលរដ្ឋ និងអ្នកជំនាញទូទៅ ដែលគិតថាវិស័យអចលនទ្រព្យឆ្នាំ២០២៤ នឹងល្អប្រសើរជាងឆ្នាំនេះ។លោកស្រីបន្តថា “ប្រជាពលរដ្ឋរស់នៅបានសាំនឹងជម្ងឺកូវីដ និងសង្រ្គាមលើពិភពលោកហើយ ដោយពួកគេមិនមានអារម្មណ៍ភិតភ័យអ្វីច្រើនទៀតនោះទេ”។
លោកស្រីតាំង ហួរបានបន្តថា ធនាគារនានានៅកម្ពុជា នឹងបញ្ចេញឥណទានឡើងវិញ នៅឆ្នាំ២០២៤ខាងមុខនេះ ប៉ុន្តែអត្រាការប្រាក់កើនឡើងឬថយចុះ យើងមិនទាន់ដឹងនៅឡើយទេ ព្រោះកាលពីឆ្នាំ២០២៣ ធនាគារជាច្រើនបានបិទឥណទានសម្រាប់វិស័យនេះ ដែលធ្វើឲ្យទីផ្សារអចលនទ្រព្យមានបញ្ហា និងចរន្តសេដ្ឋកិច្ចមិនសូវមានដំណើរការល្អប្រសើរ។លោកស្រីបន្តថា “ការមិនបញ្ចេញឥណទានរបស់ធនាគារ ធ្វើឲ្យទីផ្សារអចលនទ្រព្យមានបញ្ហា ហេតុនេះបើធនាគារបញ្ចេញឥណទានសម្រាប់ឆ្នាំ២០២៤ នឹងធ្វើឲ្យចរន្តសេដ្ឋកិច្ចប្រសើរឡើង និងធ្វើឲ្យការទិញលក់អចលនទ្រព្យ មានសកម្មភាពឡើងវិញផងដែរ”។លោកស្រីតាំង ហួរបានបន្តទៀតថា បើទោះជាស្ថានភាពនេះ មិនធ្វើឲ្យអចលនទ្រព្យឡើងថ្លៃខ្ពស់វិញក្តី តែវានឹងមានដំណើរការសន្សឹមៗ ដែលមានភាពល្អប្រសើរជាង២០២៤។
បន្ទរបន្ថែមទៀតលើបញ្ហានេះ លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុនCentury 21 Mekongបានមានប្រសាសន៍ឲ្យដឹងផងដែរថា បើរាជរដ្ឋាភិបាល បានទម្លាក់កញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៤ ដើម្បីជួយដល់វិស័យនេះ ជាពិសេសជួយរៀបចំរចនាសម្ព័ន្ឋ និងកែទម្រង់លើការផ្តល់ឥណទានមួយចំនួន នឹងធ្វើឲ្យវិស័យនេះមានសកម្មភាពបន្តិចម្តងៗមិនខាន។លោកបន្តថា “បច្ចុប្បន្នវិស័យនេះមានសភាពស្ងប់ស្ងាត់ អញ្ចឹងបើមានយន្តការក្នុងការបន្ឋូរបន្ថយ ក្នុងការផ្តល់ឥណទានកាន់តែច្រើន នឹងជួយស្រោចស្រង់ និងធ្វើឲ្យវិស័យនេះកាន់តែរីកចម្រើន”។លោកបន្តថា “ការជួយពីរាជរដ្ឋាភិបាលជារឿងចាំបាច់ និងសំខាន់បំផុតក្នុងកាលៈទេសៈដ៏លំបាកនេះ”។
លោកបណ្ឌិតអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ធនាគារអេស៊ីលីដានឹងបន្តគាំទ្រវិស័យនេះ ដោយសារវិស័យនេះ ជាកំលាំងចលករជម្រុញកំនើនសេដ្ឋកិច្ចមួយធំ ដែលបច្ចុប្បន្នធនាគារនៅតែផ្តល់ឥណទាន និងបន្តផ្តល់ឥណទានសម្រាប់ឆ្នាំ២០២៤ ប៉ុន្តែការផ្តល់កម្រិតណា អាស្រ័យលើការវាយតម្លៃជាក់ស្តែងរបស់អាជីវកម្មនោះ។លោកបន្តថា “អ្វីសំខាន់ គឺយើងធ្វើការវាយតម្លៃតាមស្ថានភាពជាក់ស្តែងរបស់អ្នកអភិវឌ្ឍន៍ និងម្ចាស់អាជីវកម្មក្នុងវិស័យអចលនទ្រព្យជាក់ស្តែង”។
ជាមួយគ្នានេះ អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាម្ចាស់ធនាគារធំមួយនៅកម្ពុជាផងដែរនោះបានមានប្រសាសន៍ថា ធនាគាររបស់លោក នៅតែបន្តផ្តល់ឥណទានដល់វិស័យនេះ ដោយមិនមានការបិទឥណទាននោះទេ។ អ្នកឧកញ៉ាបានបន្តថា ជាគោលការណ៍ពីធនាគារជាតិនៃកម្ពុជា គឺមិនតម្រូវឲ្យធនាគារបិទ ឬុមិនផ្តល់ឥណទាន សម្រាប់វិស័យអចលនទ្រព្យនោះទេ។អ្នកឧកញ៉ាបានបន្តថា “បើសួរថាតើនឹងមានការបញ្ចេញឥណទានក្នុងកម្រិតណានៅឆ្នាំ២០២៤ យើងមិនអាចកំណត់បានទេ វាអាស្រ័យតាមគោលនយោបាយផ្ទៃក្នុងរបស់ធនាគារនិមួយៗ”។
ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុជាច្រើន បានបិទនិងខ្លះទៀតបានរឹតបន្តឹងលើឥណទាន សម្រាប់វិស័យអចលនទ្រព្យ ចាប់តាំងពីឆ្នាំ២០២០មក ជាមូលហេតុមួយ ក្នុងចំណោមមូលហេតុចម្បងនានា ដែលធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យមានសភាពមិនច្បាស់លាស់ និងកំណើនយឺតយ៉ាវ៕