អត្រាអតិផរណានៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់សហភាពអឺរ៉ុប ធ្លាក់ចុះដល់៣,២ភាគរយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: សម្ពាធតម្លៃទំនិញក្នុងប្រទេសអាល្លឺម៉ង់បានបន្តថយចុះ ខណៈអត្រាអតិផរណាបានធ្លាក់ចុះដល់៣,២ភាគរយក្នុងខែវិច្ឆិកា ដែលជាកម្រិតទាបបំផុត គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២១។ នេះបើយោងតាមតួលេខបឋមដែលចេញផ្សាយដោយការិយាល័យស្ថិតិសហព័ន្ធ (Destatis)។

អតិផរណាក្នុងប្រទេសអាល្លឺម៉ង់ បាននិងកំពុងមានភាពប្រក្រតីឡើងវិញយឺតជាង បណ្តាប្រទេសផ្សេងទៀតនៅតំបន់អឺរ៉ុប ។ តួយ៉ាង កាលពីខែសីហាកន្លងទៅ អត្រាអតិផរណានៅប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុបនៅតែស្ថិតក្នុងរង្វង់៦,១ភាគរយ។

ការិយាល័យស្ថិតិសហព័ន្ធ (Destatis) បានគូសបញ្ជាក់ឱ្យដឹងថា “ការធ្លាក់ចុះ៤,៥ភាគរយនៃតម្លៃថាមពលធៀបមូលដ្ឋានប្រចាំឆ្នាំ បានជះឥទ្ធិពលជាពិសេសទៅលើអត្រាអតិផរណា។ នេះគឺដោយសារតែឥទ្ធិពលមូលដ្ឋាន ដែលបណ្តាលមកពីកម្រិតតម្លៃថាមពលដ៏ខ្ពស់បំផុតកាលពីឆ្នាំមុន”។ម្យ៉ាងវិញទៀត តម្លៃអាហារបានបន្តកើនឡើងលឿនជាងអត្រាអតិផរណាទាំងមូល ក្នុងកម្រិត៥,៥ភាគរយលើមូលដ្ឋានប្រចាំឆ្នាំ។ ទោះជាយ៉ាងនេះក្តី តម្លៃម្ហូបអាហារមិនបានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ដូចកាលពីខែមុនៗទៀតឡើយ។

ទោះបីជាមានការវិវឌ្ឍន៍បែបនេះយ៉ាងណាក្តី វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាល្លឺម៉ង់ (DIW) បានបញ្ជាក់ឱ្យដឹងថា “ការធ្លាក់ចុះបន្តិចម្តងៗនៃអតិផរណា និងការកើនឡើងប្រាក់ឈ្នួលពិតប្រាកដ មិនបានធ្វើឱ្យអារម្មណ៍នៃការចំណាយរបស់មនុស្សប្រសើរឡើងនោះទេ គិតរហូតមកដល់ពេលនេះ”។

យោងតាមការស្ទង់មតិដែលចេញផ្សាយដោយទីភ្នាក់ងារឥណទាន Schufa Holding AG នៅពាក់កណ្តាលខែវិច្ឆិកា បានឱ្យដឹងថា ៧៤ភាគរយនៃអ្នកប្រើប្រាស់នៅប្រទេសអាល្លឺម៉ង់បាននិយាយថា ពួកគេមានស្មារតីចំណាយតិចជាងមុន នៅពេលដើរទិញទំនិញ៕Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here