ដោយ: គង់ លាងហួរ
អន្តរជាតិ: សម្ពាធតម្លៃទំនិញក្នុងប្រទេសអាល្លឺម៉ង់បានបន្តថយចុះ ខណៈអត្រាអតិផរណាបានធ្លាក់ចុះដល់៣,២ភាគរយក្នុងខែវិច្ឆិកា ដែលជាកម្រិតទាបបំផុត គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២១។ នេះបើយោងតាមតួលេខបឋមដែលចេញផ្សាយដោយការិយាល័យស្ថិតិសហព័ន្ធ (Destatis)។
អតិផរណាក្នុងប្រទេសអាល្លឺម៉ង់ បាននិងកំពុងមានភាពប្រក្រតីឡើងវិញយឺតជាង បណ្តាប្រទេសផ្សេងទៀតនៅតំបន់អឺរ៉ុប ។ តួយ៉ាង កាលពីខែសីហាកន្លងទៅ អត្រាអតិផរណានៅប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុបនៅតែស្ថិតក្នុងរង្វង់៦,១ភាគរយ។
ការិយាល័យស្ថិតិសហព័ន្ធ (Destatis) បានគូសបញ្ជាក់ឱ្យដឹងថា “ការធ្លាក់ចុះ៤,៥ភាគរយនៃតម្លៃថាមពលធៀបមូលដ្ឋានប្រចាំឆ្នាំ បានជះឥទ្ធិពលជាពិសេសទៅលើអត្រាអតិផរណា។ នេះគឺដោយសារតែឥទ្ធិពលមូលដ្ឋាន ដែលបណ្តាលមកពីកម្រិតតម្លៃថាមពលដ៏ខ្ពស់បំផុតកាលពីឆ្នាំមុន”។
ម្យ៉ាងវិញទៀត តម្លៃអាហារបានបន្តកើនឡើងលឿនជាងអត្រាអតិផរណាទាំងមូល ក្នុងកម្រិត៥,៥ភាគរយលើមូលដ្ឋានប្រចាំឆ្នាំ។ ទោះជាយ៉ាងនេះក្តី តម្លៃម្ហូបអាហារមិនបានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ដូចកាលពីខែមុនៗទៀតឡើយ។






