ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងហូជីមិញគ្រោងផ្តល់អាទិភាព ដល់គម្រោងដឹកជញ្ជូនចំនួន៥៩ រួមមានគម្រោងសាងសង់ផ្លូវហាយវេ ផ្លូវជាតិ និងផ្លូវក្រវ៉ាត់ក្រុងក្នុងរយៈពេល៧ឆ្នាំខាងមុខ ក្រោមទុនវិនិយោគប្រមាណ៩,៥ពាន់លានដុល្លារអាមេរិក។
នាយកដ្ឋានដឹកជញ្ជូនទីក្រុងហូជីមិញ បានគូសបញ្ជាក់បែបនេះ នៅក្នុងផែនការ សម្រាប់គម្រោងដឹកជញ្ជូនសំខាន់ៗ ដែលត្រូវអនុវត្តចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ខាងមុខ និងត្រូវបានដាក់ជូនគណៈកម្មាធិការប្រជាជនកាលពីថ្ងៃសុក្រសប្តាហ៍មុន។
-->
នៅក្នុងផែនការនោះ រួមមាន គម្រោងសាងសង់ផ្លូវល្បឿនលឿនចំនួន៤ខ្សែ ដែលក្នុងនោះ ផ្លូវល្បឿនលឿនចំនួន២ខ្សែ ត្រូវបានស្នើភ្ជាប់ទៅកាន់ស្រុក Moc Bai ក្នុងខេត្ត Tay Ninh ជាប់ព្រំដែនកម្ពុជា និងស្រុក Chon Thanh ក្នុងខេត្ត Binh Phuoc កាត់តាមខេត្ត Binh Duong។

គម្រោងសាងសង់ផ្លូវល្បឿនលឿន២ខ្សែទៀត រួមមាន ផ្លូវល្បឿនលឿនហូជីមិញ-ឡុងថាញ់-ដាវយ៉ាយ តភ្ជាប់ទៅកាន់ខេត្តដុងណាយ និងផ្លូវល្បឿនលឿនហូជីមិញ – ទ្រុងលួង ភ្ជាប់ទៅកាន់ដីសណ្ដមេគង្គ ដែលនឹងត្រូវពង្រីក។
កំណាត់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ១៣ និងផ្លូវជាតិលេខ ២២A ដែលរត់កាត់ទីក្រុងហូជីមិញ នឹងត្រូវបានកែលម្អ និងពង្រីកដោយចំណាយថវិកាចំនួន៣៤ពាន់ពាន់លានដុង។

ទឹកប្រាក់ចំនួន១៤ពាន់ពាន់លានដុង នឹងត្រូវបានចាក់បញ្ចូលទៅក្នុងគម្រោងសាងសង់ បញ្ចប់ផ្លូវក្រវ៉ាត់ក្រុងលេខ២ ដើម្បីបន្ធូរបន្ថយការកកស្ទះចរាចរណ៍ដ៏រ៉ាំរ៉ៃ នៅតំបន់ខាងក្នុងទីក្រុង ដោយអនុញ្ញាតឱ្យរថយន្តកុងតឺន័រ អាចធ្វើដំណើរតាមខ្សែក្រវ៉ាត់ក្រុង។
គម្រោងផ្សេងទៀត រួមមានដូចជា ការសាងសង់ស្ពាន Thu Thiem4 ដែលស្ពាននេះត្រូវបានគេរំពឹងថា នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនការតភ្ជាប់ ជាមួយប៉ែកភាគខាងត្បូងនៃទីក្រុងហូជីមិញ៕VNExpress៕