ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្លង់ទន់ គឺជាឯកសារប្រភេទក្រដាសទន់ ដែលមានច្រើនទម្រង់ហើយអាច ធ្វើជាសក្ខីភាពនៃការកាន់កាប់ ក្នុងនោះអាចមានការបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ដល់ថ្នាក់ស្រុក ឬអាចជាលិខិតទិញ លក់ ឬកិច្ចសន្យាផ្ទេរសិទ្ធិដ៏សាមញ្ញ។
ប្លង់ទន់គឺជាទម្រង់បង្ហាញពីភាពជាម្ចាស់ ដែលគេប្រើជាទូទៅនៅក្នុងប្រទេសកម្ពុជា។ វាជាប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ពី រដ្ឋាភិបាលក្នុងស្រុក។
-->
ច្បាប់ភូមិបាលឆ្នាំ២០០១ បានបង្កើតប្រព័ន្ធបញ្ជីឈ្មោះដីធ្លីឲ្យមាន ប័ណ្ណកម្មសិទ្ធិដីធ្លី នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ការកាន់កាប់អចលនទ្រព្យបច្ចុប្បន្ន ត្រូវបានធានាសុវត្ថិភាពដោយប័ណ្ណមួយ ក្នុងចំណោម៣នៃទម្រង់របស់ប័ណ្ណកម្មសិទ្ធិក្នុង ប្រទេសកម្ពុជា។ ប្រភេទប័ណ្ណកម្មសិទ្ធអចលនទ្រព្យវត្ថុ ជាទូទៅគេតែងតែលើកយកប័ណ្ណសម្គាល់ម្ចាស់ កម្មសិទ្ធិស្របច្បាប់តែពីរប៉ុណ្ណោះ មកបញ្ជាក់គឺប្លង់រឹង និងប្លង់ទន់។
ដោយឡែក ប្លង់ទន់ត្រូវបានផ្ដល់ជូន ដោយការិយាល័យសង្កាត់ឬស្រុកនិងមិនត្រូវបាន ចុះឈ្មោះនៅថ្នាក់ជាតិនោះទេ ប៉ុន្តែនៅតែត្រូវបានគេចាត់ទុកជាឯកសារ ម្ចាស់កម្មសិទ្ធិពេញសិទ្ធិ។ ភាគច្រើននៃការផ្ទេរអចលនទ្រព្យ ត្រូវបានគេធ្វើឡើងជាប្លង់ទន់ ដើម្បីចៀសវាងការបង់ពន្ធ និងតម្លៃសេវាទៅកាន់រដ្ឋ។
ត្រង់ចំណុចនេះ យើងអាចលើកឡើងពីតថភាពជាក់ស្ដែងសម្រាប់អ្នករស់នៅភ្នំពេញនាពេលបច្ចុប្បន្ន យើងសង្កេតឃើញថា ភាគច្រើនអ្នករស់នៅជាន់ទី២ ទី៣នៃសំណង់ផ្ទះល្វែង ប្រើប្រាស់ប្លង់ទន់ជាកម្មសិទ្ធអចលនវត្ថុ ដោយសារតែផ្ទះមួយអាគារ មានចន្លោះ3 – ៤ជាន់ ហើយក្នុងមួយជាន់ មានម្ចាស់ផ្សេងៗគ្នា។
ប្រសិទ្ធិភាពនៃប្លង់ទន់នៅភ្នំពេញ វាមានប្រសិទ្ធិភាពខ្លាំងសម្រាប់អ្នករស់នៅភ្នំពេញ ។ តើដំណើរការផ្ទេរសិទ្ធិ លើអចលនទ្រព្យនៃប្លង់ទន់ធ្វើឡើងដោយរបៀបណា?។
ជាការពិតណាស់ ប្លង់ទន់នៃអចលនទ្រព្យ ក៏ទទួលស្គាល់ដោយតាមផ្លូវច្បាប់ តែស្ថិតនៅក្នុងកម្រិតមួយ ឬមានប្រសិទ្ធិភាពតិចជាងប្លង់រឹង ដូច្នេះ ដំណើរការនៃការផ្ទេរសិទ្ធិលើអចលនវត្ថុ គឺធ្វើឡើងតាមរយៈការបញ្ជាក់លិខិតផ្ទេរសិទ្ធិ ជាការលក់ឬធ្វើពី សំណាក់អាជ្ញាធរមូលដ្ឋានចាប់ពីកម្រិតថ្នាក់ភូមិ ឃុំ រហូតដល់ស្រុក ឬ ខណ្ឌ។
ការធ្វើប្លង់ទន់ ម្ចាស់អចលនទ្រព្យ ក៏ត្រូវបំពេញលិខិតកិច្ចសន្យា ដើម្បីធានាថា ផ្ទះ និង ដី ដែលកំពុងកាន់កាប់មិនប៉ះពាល់ដល់ដីរដ្ឋ ហើយការធ្វើប្លង់ទន់នេះ មិនតម្រូវឲ្យបង់ពន្ធលើការ ផ្ទេរសិទ្ធ នោះឡើយ៕