ដោយវុត្ថា
ញូវដែលី៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានស្នើប្រទេសឥណ្ឌា ខិតខំពន្លឿនការចរចាបញ្ចប់កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) នៅត្រឹមចុងឆ្នាំ២០១៩នេះ ទៅតាមការប្តេជ្ញាចិត្តរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសចូលរួម ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងឥណ្ឌា ឱ្យបានដល់ទឹកប្រាក់ ២០០ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២២។

លោករដ្ឋមន្ត្រី ឱ្យដឹងនៅក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ និងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី៤ ក្រោមប្រធានបទ «កិច្ចសហការបង្កើតអនាគត» ដែលរៀបចំឡើង កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមពីឧត្តមមន្ត្រីនៃប្រទេស RCEP តំណាងអង្គការអន្តរជាតិ និងវិស័យឯកជនសរុបជាង ១ពាន់នាក់បានជម្រាបជូនភ្ញៀវកិត្តិយសទាំងអស់ អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា ដែលបានចាប់ផ្តើមចេញពីដៃគូសន្ទនាតាមវិស័យ រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ហើយបច្ចុប្បន្នទំនាក់ទំនងនេះ កំពុងត្រូវបានពង្រឹង និងពង្រីកថែមទៀត តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី ដូចជា RCEP ជាដើម។







