កម្ពុជា​​ជំរុញ​​ឥណ្ឌា​​បញ្ចប់​​ការ​ចរចា​​ពាណិជ្ជកម្ម​​សេរី​​អាស៊ាន​​ដើម្បី​​ផ្លាស់​​ប្តូរ​​ពាណិជ្ជកម្ម​​ឲ្យ​​ដល់​​ទឹក​ប្រាក់​ ​​២០០​ពាន់​​លាន​​ដុល្លារ​

0

ដោយ​វុត្ថា​

ញូ​វ​ដែ​លី​៖​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​លោក​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​ស្នើ​ប្រទេស​ឥណ្ឌា​ ​ខិតខំ​ពន្លឿន​ការចរចា​បញ្ចប់​កិច្ច​ព្រម​ព្រៀង​​ស្តី​ពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់​ ​(​RCEP​)​ ​នៅ​ត្រឹម​ចុងឆ្នាំ២០១៩នេះ​ ​ទៅតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ចូលរួម​ ​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាស៊ាន​ ​និង​ឥណ្ឌា​ ​ឱ្យ​បាន​ដល់​ទឹកប្រាក់​ ​២០០ពាន់​លាន​ដុល្លារ​ ​នៅក្នុង​ឆ្នាំ ២០២២​។​

​លោក​រដ្ឋមន្ត្រី​ ​ឱ្យ​ដឹង​នៅក្នុង​ពិធី​បើក​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ ​និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា​ ​លើក​ទី៤​ ​ក្រោម​ប្រធានបទ​ ​«​កិច្ចសហការ​បង្កើត​អនាគត​»​ ​ដែល​រៀបចំឡើង​ ​កាលពី​រសៀល​ថ្ងៃទី២១​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៨​ ​ក្រោម​វត្តមាន​ចូលរួម​ពី​ឧត្តម​មន្ត្រី​នៃ​ប្រទេស​ ​RCEP​ ​តំណាង​អង្គការ​អន្តរជាតិ​ ​និង​វិស័យ​ឯកជន​សរុប​ជាង​ ​១ពាន់​នាក់​បាន​ជម្រាប​ជូន​ភ្ញៀវ​កិត្តិយស​ទាំងអស់​ ​អំពី​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​អាស៊ាន​ ​និង​ឥណ្ឌា​ ​ដែល​បាន​ចាប់ផ្តើម​ចេញពី​ដៃគូ​សន្ទនា​តាម​វិស័យ​ ​រហូត​ក្លាយទៅជា​ដៃគូ​យុទ្ធសាស្ត្រ​ ​កាលពី​ថ្ងៃទី២០​ ​ខែធ្នូ​ ​ឆ្នាំ២០១២​ ​ហើយ​បច្ចុប្បន្ន​ទំនាក់ទំនង​នេះ​ ​កំពុង​ត្រូវ​បាន​ពង្រឹង​ ​និង​ពង្រីក​ថែមទៀត​ ​តាមរយៈ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ ​និង​ពហុភាគី​ ​ដូចជា​ ​RCEP​ ​ជាដើម​។​ ​

​លោក​រដ្ឋមន្ត្រី​ថា​ ​«​ដើម្បី​ធានា​បាន​ស្ថិរភាព​កំណើន​សេដ្ឋកិច្ច​ ​វា​ពិតជា​មាន​សារៈសំខាន់​ ​ដែល​យើង​ត្រូវ​បង្កើន​ ​និង​ជំរុញ​ពាណិជ្ជកម្ម​សេរី​នៅក្នុង​តំបន់​ ​ដែល​ជួយ​បង្កើត​ឱកាស​ធុរកិច្ច​ ​និង​វិនិយោគ​។​ ​ខ្ញុំ​សូមជម្រាប​ថា​ ​កាលពី​ឆ្នាំ២០១៧​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​ឥណ្ឌា​ ​សម្រេច​បាន​ ​១២៦លាន​ដុល្លារ​ ​ខណៈ​ដែល​ទឹកប្រាក់​វិនិយោគ​ ​មាន​ប្រហែល​ ​២០លាន​ដុល្លារ​»​ ​។​

​ចាប់តាំងពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ឥណ្ឌា​ ​(​AIFTA​)​ ​បាន​ចូលជាធរមាន​នៅ​ថ្ងៃទី០១​ ​ខែមករា​ ​ឆ្នាំ២០១០​ ​បាន​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ​និង​ទឹកប្រាក់​វិនិយោគ​ផ្ទាល់​ ​(​FDI​)​ ​ពី​ប្រទេស​ឥណ្ឌា​ ​មកកាន់​ប្រទេស​អាស៊ាន​ ​មាន​វឌ្ឍនភាព​ជាលំដាប់​។​ ​

ជាក់ស្តែង​ ​ទឹកប្រាក់​វិនិយោគ​ផ្ទាល់​ពី​ឥណ្ឌា​ ​មកកាន់​អាស៊ាន​ ​បាន​កើនឡើង​ពី​ ​១,៤៧ពាន់​លាន​ដុល្លារ​ ​ក្នុង​ឆ្នាំ២០១៥​ ​ដល់​ ​១,៧៣ពាន់​លាន​ដុល្លារ​ ​នៅក្នុង​ឆ្នាំ២០១៧​។​ ​ទន្ទឹមគ្នា​នេះ​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាស៊ាន​ ​និង​ឥណ្ឌា​ ​សម្រេច​បាន​ទឹកប្រាក់​ ​៧៣,៥៩ពាន់​លាន​ដុល្លារ​ ​គឺ​កើនឡើង​ ​២៥,៥​%​ ​ធៀប​នឹង​ឆ្នាំ២០១៦​ ​ដែល​មានត្រឹមតែ​ ​៥៨,៦ពាន់​លាន​ដុល្លារ​ ​ប៉ុណ្ណោះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here